កណ្ដាល ៖ ទីតាំងបើកលេងល្បែងឆ្នោតឡូតូ លាភមហាសម្បត្តិ របស់លោក កែវ ចំរើន នៅចំណុចមុខស្នងការខេត្តកណ្ដាល ត្រូវបានបង្រ្កាប កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច តារាងបាល់ទះមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
យោងតាមការផ្សព្វផ្សាយ របស់ផេកស្នងការ បានបង្ហាញថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបទៅនឹងបណ្តាញសង្គម ដែលបានផ្សព្វផ្សាយថា មានករណីបើកលេងល្បែងឆ្នោតឡូតូ យ៉ាងអាណាធិបតេយ្យ នៅចំណុចតារាងបាល់ទះ ទល់មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងខាងលើជាលទ្ធផល៖ បង្រ្កាបល្បែងកត់ឆ្នោតឡូតូ ឃាត់ជនសង្ស័យ ចំនួន០២នាក់ ជាបុគ្គលិកឆ្នោតក្រុមហ៊ុនលាភមហាសម្បត្តិ និងដកហូតវត្ថុតាង រួមជាមួយឯកសារមួយចំនួន ។
ចំពោះករណីនេះ ក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងមានសុពលភាព ប៉ុន្តែក្រុមហ៊ុនខាងលើ បានមកដាក់ទីតាំងល្បែងឆ្នោតឡូតូ នៅមុខបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល ( ខុសទីតាំងដែលមានក្នុងច្បាប់ ) ហើយកម្លាំងទើបតែដឹងធ្វើការ បង្រ្កាបតែម្តង។
បច្ចុប្បន្នជនសង្ស័យជា បុគ្គលិកក្រុមហ៊ុនទាំង០២នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមមិនឱ្យដាក់ទីតាំងនៅមុខបរិវេណស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ទៀតឡើយ រួចឱ្យត្រឡប់ទៅគេហដ្ឋានវិញ ៕ ដោយ ៖ សំណាង៩៦