ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជាច្រើននាក់ ចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន បានប្រាប់ឱ្យដឹងថា ទីតាំងខាងលើនេះត្រូវបានបងប្អូនសារព័ត៌មាន ធ្វើការចុះផ្សាយសង្ស័យពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ដែលមានបាញ់អាប៉ោង បៀរ ឬ ល្បែងភ្នាល់ផ្សេងៗទៀត ទើបរូបលោកទទួលបានបទបញ្ជាពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងចុះមកត្រួតពិនិត្យផ្ទាល់តែម្ដង ។
លោកបន្តថា ជាលទ្ធផលក្នុងការចុះមកដល់ គឺឃើញមានតែលេងបាល់ទះ បោះប៉ូល និងមានអ្នកផឹកស៊ីជុំគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈទីតាំងខាងលើនេះមានលក្ខណៈបិតបាំងនូវកុងផ្លាកេ និងក្រណាត់ ទើបធ្វើឱ្យប្រជាពលរដ្ឋ និងបងប្អូនអ្នសារព័ត៌មានមួយចំនួនមានការយល់ច្រឡំ ។
ជាមួយគ្នានោះលោក ម៉ៅ បូណែត ដែលជាអភិបាលរងខណ្ឌចំការមន ក៏បានធ្វើការអប់រំណែនាំដល់អ្នកមើលការខុសត្រូវ និងធ្វើកិច្ចសន្យាមិនត្រូវលួចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំលុបបាត់៕ដោយ សំណាង៩៦