កំពង់ស្ពឺ ៖ ក្នុងឱកាសថ្ងៃខួបកំណើត ឈានចូល៦២ឆ្នាំ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនខន់ស្រ្តាក់សិន ខូអិលធីឌី (ខេស៊ី គ្រុប) បានរៀបចំពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ក្រខ្សត់ និងកម្មករ និងដាំកូនឈើស្ថិតក្នុងនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកបានអំពាវនាវ ដល់ប្រជាជនទាំងអស់ ចូលរួមដាំដើមឈើ ទោះម្នាក់ដាំបាន១ដើម ក្នុង១ឆ្នាំ ក៏ដោយ និងរក្សា,បង្កើតប្រភពទឹក ព្រោះទឹកជាជីវិត ។
លោក ឃិត ឈឿន បានអំពាវនាវ យើងត្រូវតែនាំគ្នាចូលរួមដាំដើមឈើ ព្រោះដើមឈើគ្រប់ប្រភេទ សុទ្ធសឹងមានអត្ថប្រយោជន៍តម្លៃផ្សេងៗគ្នា ពិសេសវាអាចផ្ដល់ផលប្រយោជន៍ ទៅដល់កូនចៅយើង នៅជំនាន់ក្រោយ ក៏ដូចជាកាត់បន្ថយការនាំចូលបន្លែផ្លែឈើពីប្រទេសក្រៅបាន ។ សម្រាប់ប្រភេទ កូនឈើ ដែលលោកដាំនៅតំបន់គម្រោងទេសចរណ៍នេះ គឺមាន ដើមឈើទាលដើមគីនីន ដើមបេង និងដើមដូងខ្មែរ ។
លោកក៏បានឆ្លៀតពន្យល់ពីអត្ថប្រយោជន៍របស់ដើមនិមួយៗ និងការកសាងប្រភពទឹក ដែលមិនចេះ រីងស្ងួត ព្រោះថាទឹកជាជីវិត គ្រប់មនុស្ស សត្វ រុក្ខជាតិ គឺត្រូវការទឹកទាំងអស់ ។ ដូចនេះការរក្សាទីតាំង ប្រភពទឹក ការកសាងបង្កើតថ្មីប្រភពទឹក ដូចជាជីកស្រះជាដើមគឺជាភាពចាំបាច់បំផុត ក្នុងវិស័យ កសិកម្ម ។ ជាមួយគ្នានេះ លោកក៏បានប្រកាសបើកយុទ្ធនាការដាំដើមដូងខ្មែរនៅទូទាំងប្រទេសតាមរយៈចងក្រងសហគមន៍អ្នកដាំដូង ដើម្បីជម្រុញកិច្ចការនេះ ។
បន្ទាប់ពីដាំកូនឈើប្រមាណ២០០ដើមរួចមក លោកក៏បានជួបសំណេះសំណាល និងចែកអំណោយជូន ប្រជាពលរដ្ឋដែលខ្វះខាតចាស់ជរា រស់នៅក្បែរៗតំបន់នេះ និងកម្មករកំពុងបម្រើការងារនៅក្នុងតំបន់ អភិវឌ្ឍន៍ ដែលបានខិតខំ តស៊ូ បំពេញការងារ រួមសុខរួមទុក្ខជាមួយគ្នា។
សូមជម្រាបថា តាមគម្រោង នៅក្នុងតំបន់នោះ នឹងប្រែក្លាយទៅជាតំបន់កសិកម្មមួយដ៏ធំ និងមាន រោងចក្រដំណើរការចង្វាក់ផលិតកម្ម ហើយកែច្នៃ រហូតបានជាផលិតផលសម្រេច ដាក់លក់នៅលើទីផ្សារ និងនាំចេញទៅក្រៅប្រទេស ។ សម្រាប់បន្លែផ្លែឈើ ដែលប្រជាកសិករដាំបាន អាចយកមកលក់ជូន ក្រុមហ៊ុន ដោយមិនពិបាករកទីផ្សារនោះទេ ហើយតំបន់នេះក៏មាន រមណីដ្ឋានមួយបែបធម្មជាតិ និង លំនៅដ្ឋានលើទំហំដីខ្នាតលំហែ រួមជាមួយគម្រោងមួយចំនួនទៀត ៕ ដោយ ៖ គា សំណាង