ក្មេងស្រីកំពូលឆ្លាត ការពារប្អូនប្រុស នៅក្រោមគំនរបាក់បែករយៈពេល៣៦ម៉ោង

បរទេស ៖ ក្មេងស្រីតូចអាយុ៧ឆ្នាំម្នាក់ ត្រូវបានក្រុមជួយសង្គ្រោះប្រទះឃើញកំពុងការពារប្អូនប្រុសរបស់នាង បន្ទាប់ពីពួកគេបានជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះដួលរលំរបស់ពួកគេ រយៈពេល៣៦ម៉ោង បន្ទាប់ពីមានរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់។

បើតាមរូបភាពវីដេអូ ដែលបានផ្តិតយកពេលវេលាដ៏រំជើបរំជួលនេះ ខណៈបងប្អូនបង្កើតវ័យក្មេងភ័យញ័រ ទទ្រើកទាំងពីរត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្គ្រោះក្នុងគំនរបាក់បែកក្នុងប្រទេសស៊ីរី។

ក្រុមជួយសង្គ្រោះបានឱ្យដឹងថា ក្មេងស្រីអាយុ៧ឆ្នាំឈ្មោះថា ម៉ារីយ៉ាម (Mariam) និងប្អូនប្រុសរបស់នាងឈ្មោះ អ៊ីលអាហ្វ (Ilaaf) បានជាប់នៅក្នុងកម្ទេចកម្ទីអស់រយៈពេលប្រហែល ៣៦ ម៉ោង។

នៅក្នុងឃ្លីបនោះ នាងបានប្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ថា «លោកប្រសិនបើលោកជួយសង្គ្រោះខ្ញុំនិងប្អូនប្រុសរបស់ខ្ញុំ ខ្ញុំនឹងធ្វើអ្វីដែលលោកចង់បាន។ ប៉ុន្តែសូមយកពួកយើងចេញពីទីនេះសិន»។

កុមារទាំង២នាក់ នេះបានជាប់នៅក្រោមគំនរបាក់បែកនៅផ្ទះរបស់ពួកគេនៅភូមិបេស្នាយ៉ា ប៊ីសីណេ (Besnaya-Bseineh) ក្បែរទីក្រុងហារ៉ាម (Haram) ប្រទេសស៊ីរី។

នៅក្នុងវីដេអូ គេឃើញប្អូនប្រុសរបស់នាងជាប់នៅក្រោមគំនរបាក់បែក ខណៈអ្នកឆ្លើយតបកំពុងព្យាយាមជួយសង្គ្រោះអ្នកទាំងពីរ។ បន្ទាប់​មក ​ក្មេង​ស្រី​នោះបាន​លើក​ដៃបាំង​លើ​ក្បាល​ប្អូន​ប្រុស​របស់​នាង​ដើម្បី​ការពារប្អូនរបស់គេ។ក្រោយមក រូបថតមួយសន្លឹកត្រូវបានចែករំលែកអំពីក្មេងទាំងពីរកំពុងសម្រាកនៅលើគ្រែ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះពីហេតុការណ៍ដ៏រន្ធត់នេះ។

ចំណែកឪពុករបស់ពួកគេ គឺលោក មូស្តាហ្វា ហ្សូហៀ អាល់សាយ៉េត (Mustafa Zuhir Al-Sayed) បាននិយាយថា«គាត់ ប្រពន្ធគាត់ និងកូនបីនាក់របស់គាត់កំពុងដេកនៅពេលរញ្ជួយដីវាយប្រហារ ។ គ្រួសារទាំងមូលត្រូវបានជួយសង្គ្រោះបានទាំងអស់ហើយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *