ភ្នំពេញ ៖ បុរសជនជាតិបង់ក្លាដេសម្នាក់រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នាជាមួយបុរស៣នាក់ ជាជនជាតិបង់ក្លាដេសដូចគ្នា ព្រួតវាយនឹងដំបងដែកចំក្បាល ។
អំពើហិង្សាខាងលើនេះកើតឡើងកាល ពីវេលាម៉ោង ០១និង២០នាទី កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចលើផ្លូវព្រះស៉ីសុវត្ថិ (ខាង មុខផ្សាររាត្រី) ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចនិយាយថា បន្ទាប់ពីជនរងគ្រោះមានរបួសភ្លាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ,លុះមកដល់ល្ងាចថ្ងៃទី ០៧ ខែឆ្នាំដដែលវេលាម៉ោង៦និង៣០ នាទីល្ងាច ទើបតំណាងក្រុមគ្រួសារបានមកប្តឹងដល់សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ, ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលជំនាញខណ្ឌនិង ប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្វែងរកអត្តសញ្ញាណជនបង្ករហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ NISAT AL FURQAN ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិបង់ក្លាដែស កាន់លិខិតឆ្លងដែនលេខ A03365590 ស្នាក់នៅខុនដូមេគង្គរីវើលបន្ទប់D-102, ២-ឈ្មោះ MOHA MMAD SHARIFUL ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិបង់ក្លាដែស កាន់លិខិតឆ្លងដែនលេខ BK0028107 ស្នាក់នៅខុនដូមេគង្គរីវើលបន្ទប់D-102 សង្កាត់ជ្រោយចង្វារ និង៣-ឈ្មោះ SHEIK SAYED ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិបង់ក្លាដែស កាន់លិខិតឆ្លងដែនលេខA00921516 ស្នាក់នៅខុនដូមេគង្គរីវើល បន្ទប់B-103 សង្កាត់-ខណ្ឌជ្រោយចង្វារ ។
ចំណែកជនរងគ្រោះឈ្មោះ REZA JAKARIA ភេទប្រុស ជនជាតិបង់ក្លាដេស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខA03402383 (បច្ចុប្បន្នជនរងគ្រោះបានស្លាប់នៅមន្ទីពេទ្យជោរី )។
សមត្ថកិច្ចបន្តថា ក្រោយពីបានប្រើប្រាស់វិធានការជំនាញសួរចម្លើយទៅលើជនសង្ស័យទាំង០៣នាក់,ពួកគេទាំង៣នាក់ ក៏បានព្រមឆ្លើយសារភាពថា«ខ្លួនពិតជាបានវាយជនរងគ្រោះនឹងដំបងដែកពិតប្រាកដមែន»។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់៕(ដោយ សំណាង៩៦)