ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត និងពីរនាក់ទៀត រងរបួស បន្ទាប់ជិះម៉ូតូជ្រុលទៅបុក ពីក្រោយរថយន្តកុងតឺន័រ ដែលចតចោលកាលពីវេលាម៉ោង ១និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចមុខ បុរីឡុងនី តាមបណ្ដោយផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងពិដាន ស្នាក់នៅម្តុំព្រៃស ខណ្ឌដង្កោ មានស្រុកកំណើត នៅខេត្តកណ្តាល ជាអ្នកបើកនិងជាម្ចាស់ម៉ូតូ បានបាត់បង់ជីវិត ចំណែកពីរនាក់ទៀត ដែលរងរបួស ។
អ្នកទាំង៣ ជិះម៉ូតូម៉ាកឌ្រីម សេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-7198 ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទរថយន្តកុងតឺន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-8917 កន្ទុយខាងក្រោយ ពាក់ស្លាកលេខកំពង់ចាម4A-0010 អ្នកបើកបរមិនឃើញ នៅកន្លែងកើតហេតុនោះទេ។
មិត្តភក្កិជនរងគ្រោះបានឲ្យដឹងថា ពួកគាត់ទើបចេញពីក្លឹប ក្នុងគោលបំណងជូនគ្នា ទៅបន្ទប់ជួលនៅខាងព្រៃស ជិះតាមផ្លូវទួលពង្រក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏ជ្រុលទៅបុក រថយន្តកុងតឺន័រ ដែលចតនៅលើចិញ្ចើមផ្លូវ តែកង់និងផ្នែករថយម្តម្ខាង នៅលើផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ភ្នំពេញ ចំណែកសព ត្រូវសាច់ញាតិ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ