លោក ឃិត ឈឿន ៖ គុណធំជាងគេ គឺគុណឪពុកម្ដាយ បន្ទាប់មកគុណជាតិមាតុភូមិ

កំពង់ស្ពឺ ៖ អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ ខន់ស្រាក់សិន លោក ឃិត ឈឿន បានប្រសាសន៍ថា គុណដែលធំជាងក្នុងឆាកជីវិតរបស់លោក គឺគុណឪពុកម្ដាយ បន្ទាប់ពីគុណឪពុកម្ដាយ គឺគុណជាតិមាតុភូមិ ដោយយើងមានភ័ព្វសំណាង បានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយយើងឱ្យរួចផុតពីសង្គ្រាម និងបានសុខសន្តិភាពមកទល់សព្វថ្ងៃ បង្កលក្ខណៈឱ្យយើងមានឱកាស រៀនសូត្រទទួលទានរកស៊ី ប្រកបការងារ និងមានអ្វីៗ សព្វបែបយ៉ាងនៅពេលនេះ ។  

លោកមានប្រសាសន៍លើកឡើង ក្នុងឱកាសថ្ងៃខួបកំណើតឈានចូល៦២ឆ្នាំរបស់លោក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានរៀបចំពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋក្រខ្សត់ និងកម្មករ និងដាំកូនឈើ ស្ថិតក្នុងនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

លោកបានលើកឡើងពីប្រវត្តិដ៏ជូរចត់របស់លោក ដោយលោកមានស្រុកកំណើតនៅខេត្តតាកែវ ទទួលការសិក្សារៀនសូត្រមិនបានខ្ពង់ខ្ពស់នោះទេ ព្រោះអាយុ១៤ឆ្នាំ ស្រុកយើងបានកើតសង្គ្រាម ធ្វើឱ្យរូបលោក ក៏ដូចជាពលរដ្ឋដទៃបាត់បង់ឱកាសទាំងអស់។ ក្រោយពីសង្គ្រាមបានរលត់ លោកក៏បានឆ្លងកាត់ជីវិតតស៊ូ ធ្វើជាកម្មករលីសែង ជាអ្នកស៊ីឈ្នួលគេក៏មាន និងធ្វើគ្រប់បែបយ៉ាង ឱ្យតែបានប្រាក់ចិញ្ចឹមខ្លួននិងគ្រួសារ ។ 

ធ្លាប់ឆ្លងកាត់ជីវិតបែបនេះក៏ដូចជានិស្ស័យផង ទោះលោកមានឋានៈ និងទ្រព្យធនយ៉ាងណាក៏ដោយ ក៏លោកនៅតែចូលចិត្ត រស់នៅក្នុងភាពសាមញ្ញ និងនៅជិតតែកម្មករ កសិករ បុគ្គលិក ដោយមិនបានចាត់ទុកជាថៅកែនោះឡើយ គឺចាត់ទុកគ្រាន់តែជា អ៊ុំ ជាពូ ជាបងនឹងគ្នាតែប៉ុណ្ណោះ ។ ជាសំណាងបំផុត និស្ស័យនិងអត្តចរិតបែបនេះ ភរិយារបស់លោក ដែលរួមរស់អស់កាល៤០ឆ្នាំ គឺមាននិស្ស័យដូចគ្នាបំផុតជាមួយលោក ។ លោកបានចាត់ទុកភរិយា ជាស្រ្តីទី២ដែលល្អជាងគេ បន្ទាប់ពីអ្នកម្ដាយ ។ 

លោកបានបន្តថា ការតស៊ូ ការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងថិវកា ដើម្បីអភិវឌ្ឍន៍នៅតំបន់នេះ ដែលមានតំបន់ដីឡូតិ៍ កសិកម្ម ទេសចរណ៍ និងរោងចក្រ គឺមិនមែនដើម្បីតែប្រាក់ចំណេញ តែមួយមុខគត់នោះទេ គឺក្នុងចិត្តចង់ឱ្យបងប្អូនទទួលបានការងារ បានប្រាក់ចិញ្ចឹមជីវិត ហើយចង់បង្កើនលទ្ធភាព ឱ្យកាន់តែល្អជាងនេះ ប៉ុន្តែអកុសលដោយសារបញ្ហាជំងឺកូវីដ និងម៉្យាងយើងខ្វះអ្នកចូលរួមសហការ ព្រោះយើងពិបាករកដៃគូ ដែលមានទស្សនៈបំណងដូចគ្នា ជាពិសេសអ្នកមានភាគច្រើន គេមិនចង់ដាក់ លុយវិនិយោគ មុខជំនួញ ដើរហាលថ្ងៃ ហាលភ្លៀង សំលៀកបំពាក់មិនស្អាតនោះទេ ។ 

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនទាំងឡាយ សូមចូលរួមដាំដើមឈើ ទោះ១ដើមឬ២ដើមក៏ដោយ ឱ្យតែបានដាំ ដើម្បីជាប្រយោជន៍ទៅថ្ងៃអនាគត បើមានដីកំទុកឱ្យនៅទំនេរ ។ រីឯយុវជនដែលទទួល ទានគ្រឿងស្រវឹងវិញ បើកុំហូបស្រាបៀរតែ១កំប៉ុង ក៏យើងអាចទុកលុយនេះទិញកូនឈើបានមួយដើមដើម្បីដាំ ទោះក្នុង១ខែដាំបាន១ដើម ទោះ១ឆ្នាំដាំបាន១ដើម ក៏យើងសប្បាយចិត្តនៅពេលដើមឈើនោះធំ ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *