បាត់ដំបង ៖ បុរសម្នាក់ដែលបានបាត់បង់ជីវិត ក្នុងករណីបំផ្ទុះគ្រាប់បែកលើអូប័រ បណ្តែតក្នុងស្រះទឹក ត្រង់ចំណុចក្នុងបរិវេណវិមានរំលឹកគុណវីរយុទ្ធជនពលី ស្ថិតក្នុងក្រុមទី៧ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី ឥឡូវស្គាល់អត្តសញ្ញាណហើយ ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅកន្លែងកើតហេតុទើបប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកស្រះ ហើយស្រាវជ្រាវដឹងថា ជនរងគ្រោះឈ្មោះ ចិន ធូរ៉េន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
តាមការបញ្ជាក់របស់សាច់ញាតិរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមកស្នាក់នៅ (មកលេង) នៅផ្ទះរបស់ឈ្មោះ ឌុល បាន ភេទប្រុស អាយុ៥១ឆ្នាំ ដែលនៅសម្អាតក្នុងបរិវេណវិមានរំលឹកគុណវិរៈយុទ្ធជនពលី ។ ក្រោយមកមិនដឹងជាមានវិបត្តិអ្វី ស្រាប់តែជនរងគ្រោះបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរ រួចលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯងតែម្តង ។
ចំពោះករណីនេះ នគរបាលក្រុងបាត់ដំបង បានធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា «ជនរងគ្រោះពិតជាបានធ្វើអត្តឃាតបំផ្ទុះគ្រាប់បែករបួសធ្ងន់ធ្ងរ ហើយលិចទឹកស្លាប់បាត់បង់ជីវិតដោយខ្លួនឯងពិតមែន»។
បន្ទាប់មកសមត្ថកិច្ចបានបានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយសំណាង៩៦)