ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តខ្ទាតចូលកង់ក្រោយរថយន្តកុងតឺន័រ កិនចំក្បាល កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ចំណុចជិតទីតាំងថ្លឹងរថយន្តចាស់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ពិន សុខណា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ អាសយដ្ឋានផ្ទះលេខ០៣២ ភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GX-3294ជិះតែម្នាក់ឯង។
ចំណែកភាគីខាងរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D- 1881 ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉ក ស្លាកលេខខាងក្រោយភ្នំពេញ4A-7723 បើកបរដោយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូហុងដាឌ្រីមធ្វើដំណើរពីកើតទៅលិច ,ខណៈមកដល់ចំណុចកើតហេតុខាងលើបានទាក់ដៃចង្កូតជាមួយកង់រថយន្តកុងតឺន័រធ្វើដំណើរស្របគ្នាបណ្ដាលដួលខ្ទាតម្ចាស់ម៉ូតូចូលកង់ខាងក្រោយរថយន្តកិនចំក្បាលស្លាប់ភ្លាមៗ។ក្រោយហេតុការណ៍កើតឡើង រថយន្តកុងតឺន័រ មិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានព្យាយាមបើក រត់រហូតដល់ផ្សារសែនមនោរម្យ ទើបសមត្ថកិច្ចខណ្ឌកំបូលឃាត់បានតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងវាស់វែង យកទៅរក្សាទុករង់ចាំឱ្យម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ជូនរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមប្រជាពលរដ្ឋទាំងអស់បើកបរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍,នេះជាបំណងល្អពី ធ្នូជ័យ៕