បាត់ដំបង ៖ អ្នកស្រុកប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងស្រះទឹកមានសភាពដាច់អវយវ: ដោយសមត្ថកិច្ចសង្ស័យជាករណី«បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងដោយសារវិបត្តិអ្វីមួយ» បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈឆ្នាំ២០២៣ នៅត្រង់ចំណុចក្នុងបរិវេណវិមានសព ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងហេតុការណ៍បានឱ្យដឹងថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ពួកគាត់បានឮសំឡេងផ្ទុះក្ឌាំងឡើង ប៉ុន្តែមិនដឹងថាមានរឿងអ្វីនោះទេ។រហូតដល់ព្រឹកឡើងទើបបានដឹងថា «សង្ស័យបុរសដែលស្លាប់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងដោយសារវិបត្តិអ្វីមួយ»។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង ៣០ឆ្នាំ មានសភាពសាកសពហើម ដាច់ដៃខាងស្តាំ ដាច់សាច់ត្រគាក និង ដងខ្លួនមួយចំនួនទៀត។
បន្ទាប់មកសមត្ថកិច្ចចុះទៅពិនិត្យសាកសព បានសន្និដ្ឋានបឋមថា«អាចជាករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងដោយសារមានវិបត្តិអ្វីមួយ» រួចប្រគល់សពដល់សមត្ថកិច្ចមូលដ្ឋានចាត់ចែងបូជាជាក់ស្តែង ៕(ដោយ ធ្នូជ័យ)