ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាពាក់សក្តិ៤ បានរងរបួសបែកក្បាលបណ្តាលឱ្យបាត់បង់ជីវិតកណ្ដាលថ្នល់ម្នាក់ឯងបន្ទាប់ពីជិះម៉ូតូទាក់ខ្សែភ្លើងកាបធ្លាក់កាត់ទទឹងផ្លូវអូសជាច្រើនម៉ែត្រ កើតឡើងកាលវេលាម៉ោង៤និង៥០នាទីទៀបភ្លឺថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨០០ មុខតារាងបាល់ ក្នុងសង្កាត់ទួលសង្កែទី២ខណ្ឌឫស្សីកែវ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ប៊ុន ហៀប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធាពាក់សក្ដិ៤ ស្នាក់នៅបុរីរិទ្ធ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីអ្នកស្គាល់គ្នាបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធុនធំ ម៉ាកADV ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JS-7154 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨០០ ទិសដៅពីជើងទៅត្បូងក្នុងគោលបំណងដឹកកាហ្វេទៅផ្ទះបុណ្យសពមួយកន្លែង ។
ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទាក់ខ្សែភ្លើង បណ្ដាលឱ្យដួលបោកក្បាលអូសជាច្រើនម៉ែត្រពីព្រោះខ្សែភ្លើងបានធ្លាក់មកដល់លើផ្លូវ បណ្តាលឱ្យដួលបោកក្បាលបាត់បង់ជីវិតតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ និងសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើតហេតុពិនិត្យជាក់សែ្តង , លុះព្រឹកឡើងទើសមត្ថកិច្ចជំនាញធ្វើកោសល្យពិច័យចប់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយ សំណាង៩៦)