ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅគេហដ្ឋានសពលេខ៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
គណៈប្រតិភូដែលបានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធសពរបស់លោកជំទាវ ប៊ុន សុថា ជាមួយឯកឧត្តម ស សុខា នាឱកាសនោះមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនរូបផងដែរ។
គួររំលឹកជូនថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៣កើត ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕ ដោយហួតសម្បត្តិ