ខឹងបងជីដូនមួយ លួចបង្កាត់ស្នេហ៍ជាមួយប្រពន្ធ ក៏រៀបអន្ទាក់សម្លាប់ រួចរត់គេចបានជាង១ខែ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវជាប្ដីប្រពន្ធនឹងគ្នា ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការកម្លាំងជំនាញរាជធានី-ខណ្ឌ ចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៣០ សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី សម្លាប់បុរសម្នាក់ កាលពីចុងឆ្នាំមុន ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់គឺឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ ជាប្ដីនិងប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ដាញ់ រី ភេទប្រុស អាយុ ៣៨ឆ្នាំ ។ 

សមត្ថកិច្ចបន្តថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត បានសារភាពថា «ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែ ការប្រចណ្ឌប្រពន្ធ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង»។

សូមរំឭកថា កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោខណ្ឌដង្កោ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឱ្យដាច់ សពជនរងគ្រោះខាងលើត្រូបានសមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនគរបាលខណ្ឌដង្កោ សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *