សៀមរាប ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីក្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព.ស ២៥៦៦-២៥៦៧ គ.ស ២០២៣ នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ។
ក្នុងពិធីក្រុងពាលីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាអនុប្រធានសមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាល ក្រុមការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្នាក់ដឹកនាំខេត្ត អាជ្ញាធរអប្សរា សិស្សានុសិស្ស ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ នេះ ជាខួបគម្រប់ ១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ក្ដីស្រមៃ និងក្ដីសង្ឃឹម” ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត ៕ ដោយ ៖ ហួត សម្បត្តិ