ចុះពិនិត្យខុនដូមួយកន្លែង រកឃើញសាងសង់លើសច្បាប់ ខណៈបណ្ដឹងគ្រួសារជនរងគ្រោះម្នាក់ ដល់តំណាក់កាលតុលាការ

ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្ដម ឃ្លាំង ហួត នៅរសៀល ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យសំណង់ខុនដូ របស់ឈ្មោះ​ មុត​ ភិរម្យ ដែលបានកើតមានឧបទ្ទវហេតុ ធ្លាក់កំណាត់ឈើ ត្រូវប្រជាពលរដ្ឋម្នាក់ស្លាប់ស្ថិតនៅសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

ឯកឧត្ដមក៏បានបញ្ជាក់ពីករណី ប្រជាពលរដ្ឋម្នាក់បានស្លាប់ កាលពីកន្លងមកនោះ ឥឡូវបណ្ដឹងបានឈានដល់នីតិវិធីរបស់តុលាការហើយ ។ ដូចនេះការសម្រេចយ៉ាងណា ស្ថិតលើតុលាការ ឯម្ចាស់អគារត្រូវជម្រុញឱ្យ ក្រុមហ៊ុនម៉ៅការសាងសង់ ទទួលខុសត្រូវលើបញ្ហានេះ ។ 

ក្រោយការត្រួតពិនិត្យ ក្រុមការងារបានពិនិត្យឃើញថា សំណង់ខាងលើនេះ​ គឺបានសាងសង់លើស​ច្បាប់អនុញ្ញាត ចំនួន៣ជាន់​ ។ឯកឧត្ដម បានណែនាំដូចតទៅ ៖ ទី១​ តម្រូវឲ្យម្ចាស់អាគារខាងលេី​ ផ្អាកសកម្មភាពសាងសង់ទាំងស្រុង​ ។  ទី២ ត្រូវធ្វេីការដោះស្រាយជាមួយនឹង មន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ រាជធានីភ្នំពេញ​ និង ទីចាត់ការរៀបចំក្រុង​ ដើម្បីពិនិត្យមើលច្បាប់ និងបច្ចេកទេសគុណភាពសំណង់ ថាអគាររបស់ខ្លួន​ អាចសាងសង់បន្តទៀត​ ឬក៏ត្រូវរុះរើសំណង់ ដែលបានសង់លើសចេញ ។ 

ទន្ទឹមនឹងនេះ ឯកឧត្ដមក៏សូមអំពាវនាវ ដល់ម្ចាស់សំណង់ទាំងអស់​ ជាពិសេសម្ចាស់សំណង់បុរី​ មេត្តាអនុវត្តដូចតទៅ៖ ១.​ ត្រូវមានលិខិតអនុញ្ញាតសាងសង់ ឱ្យបានត្រឹមត្រូវ។ ២.​ មិនត្រូវសាងសង់ខុសលិខិតអនុញ្ញាត។  ៣.​ ត្រូវសហការជាមួយក្រុមហ៊ុនសាងសង់ដែលមានអាជ្ញាប័ណ្ណ​ ពីក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់។  ៤.​ ត្រូវអនុវត្តតាមគោលការ​ សុវត្តិភាព។  ៥.​ ត្រូវយកចិត្តទុកដាក់ចំពោះ​ គុណភាពសំណង់របស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីម្ចាស់ការដ្ឋា​នណាដែលដឹងថាខ្លួន បានសង់ខុសលិខិតអនុញ្ញាត​ ត្រូវចូលខ្លួនមកដោះស្រាយ​ ចៀសវាងប្រព្រឹត្តកំហុសធំណាមួយ រហូតដល់មានទោសដល់ខ្លួន ៕ ដោយ ៖ គាសំណាង

Leave a Reply

Your email address will not be published. Required fields are marked *