ភ្នំពេញ ៖ ជនបរទេសពីរនាក់បានរងរបួសធ្ងន់ ខណៈកំពុងឈរតថ្លៃកង់បី ក៏ត្រូវរថយន្តមួយគ្រឿងមកបុករះ នៅចំណតរថយន្តណាហ្គាវើល១ កាលពីវេលាម៉ោង ២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
ជនរងគ្រោះ២នាក់ ជាជនជាតិបរទេស មិនបានស្គាល់អត្តសញ្ញាណនោះទេ ម្នាក់បាក់ដៃ ម្នាក់ទៀតបែកក្បាលរងរបួសធ្ងន់ ឯរថយន្តបង្កម៉ាក FORD RANGER ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា N.V.1899 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងជោកជាំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក បើកតាមបណ្ដោយផ្លូវព្រះសីហនុ យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតមកស្ដាំដៃ បុកកង់បីឥណ្ឌាពីរគ្រឿង រងរបួសជនជាតិបរទេសពីរនាក់ និងបុកចូលចំណតរថយន្តណាហ្គាវើល បុករថយន្តចំនួន3គ្រឿងទៀត។ ភ្លាមៗក្រុមរងគ្រោះ ត្រូវបានរថយន្តមកដឹកទៅសង្គ្រោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយជនបង្ករសងសំណង ខូចាតទៅលើកង់បីពីរគ្រឿង និងរថយន្តចំនួន៣គ្រឿងដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបាននាំខ្លួន អ្នកបើករថយន្តបង្ក និងរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ជាមួយជនរងគ្រោះដែលរងរបួស នៅពេលក្រោយ ៕ ដោយ ៖ ធ្នូជ័យ