ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកទូរសព្ទដៃ នៅចំណុចក្នុងប៉ុស្តិ៍យាមបុរីអេតវូត ផ្លូវលំ ភូមិមិត្តភាព១សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ៣០មករាឆ្នាំ២០២៣ ម៉ោង០៤ទៀបភ្លឺកន្លងទៅ រហូតដល់ថ្ងៃទី២កុម្ភៈឆ្នាំ២០២៣ ទើបចាប់ខ្លួនបាន ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ន ឡៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ចំណែកជនសង្ស័យឈ្មោះ សូ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្មាន ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះទុកទូរសព្ទម៉ាក Oppo ពណ៌ស (លេខស៊ីម ០៩៧ ៩៨៩ ….) បញ្ចូលថ្មក្នុងប៉ុស្តិ៍យាមបុរីអេតវូត (ចំណុចកើតហេតុ) រួចក៏ដេកលក់, ស្រាប់តែជនសង្ស័យដើរមកដល់ចូលលួចទូរសព្ទជនរងគ្រោះ គេចខ្លួនយកទៅលក់ឱ្យគេបានប្រាក់៥០ដុល្លារ ទិញគ្រឿងញៀនជក់ និង ស៊ីចាយអស់។
សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ០២កុម្ភៈឆ្នាំ២០២៣ ម៉ោង១១និង៣០នាទី សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ព្រែកឯង មកសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕(ដោយ ធ្នូជ័យ)