បរទេស ៖ មន្ទីរបញ្ចកោណ កំពុងតាមដានបាឡុងចារកម្មចិនដែលហោះខ្ពស់លើសហរដ្ឋអាមេរិក ដែលហាក់កំពុងឃ្លាំមើលទីតាំងអាវុធនុយក្លេអ៊ែរ ដែលមានភាពរសើបខ្លាំងនានា។ នេះបើយោងតាម មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២កុម្ភៈឆ្នាំ២០២៣ ។
រដ្ឋមន្ត្រីការពារជាតិ លោកឡយ អូស្ទីន និង ក្រុមមន្ត្រីយោធាកំពូលបានពិចារណាបាញ់ទម្លាក់បាឡុងនោះ តាមសំណើរបស់ប្រធានាធិបតី ចូ បៃដិន ,ប៉ុន្តែបានសម្រេចចិត្តថា ការធ្វើបែបនេះនឹងបង្កគ្រោះថ្នាក់ដល់មនុស្សច្រើនពេកនៅលើដី ។នេះបើតាមមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់ប្រាប់ទៅអ្នកយកព័ត៌មាន។
រដ្ឋមន្ត្រីរូបនោះបាននិយាយថា «បាឡុងនេះបានហោះពីលើភាគពាយព្យសហរដ្ឋអាមេរិក កន្លែងដែលមានមូលដ្ឋានទ័ពអាកាសដ៏រសើប និង កាំជ្រួចយុទ្ធសាស្ត្រនៅឃ្លាំងក្រោមដី»។
ចំណែកមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនេះ បាននិយាយថា «ច្បាស់ណាស់ ចេតនានៃបាឡុងនេះគឺសម្រាប់ឈ្លបយកការណ៍ ហើយផ្លូវហោះហើរបច្ចុប្បន្នពិតជាបានអនុវត្តនៅលើទីតាំងរសើបមួយចំនួន»។ ប៉ុន្តែមន្ទីរបញ្ចកោណ មិនជឿថាវាបង្កើតជាការគំរាមកំហែងខាងចារកម្មដ៏គ្រោះថ្នាក់នោះទេ។
មន្ត្រីរូបនោះបាននិយាយថា “«យើងវាយតម្លៃថា បាឡុងនេះមានតម្លៃតិចតួចបើផ្អែកលើការយល់ឃើញពីក្រុមប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់។ បាឡុងនេះបានចូលមកក្នុងដែនអាកាសអាមេរិក ពីរបីថ្ងៃមុន »។ ដោយបន្ថែមថា«ចារកម្មអាមេរិកបានតាមដានវាមុនពេលវាចូលមកដល់ទៅទៀត»។
បន្ទាប់ពីលោកបៃដិន បានសួរអំពីជម្រើសសម្រាប់ដោះស្រាយជាមួយវា កាលពីថ្ងៃពុធ លោកអូស្ទីន ដែលកំពុងស្ថិតនៅហ្វីលីពីន បានធ្វើការពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ។ ចំណែកយន្តហោះចម្បាំងត្រូវបានបញ្ជូនទៅពិនិត្យមើលបាឡុង ខណៈវាកំពុងហោះនៅលើរដ្ឋម៉ុងតាណា (Montana) ដែលការពិភាក្សាបានប្រារព្ធឡើង៕ (ប្រែសម្រួលដោយ លោកសំណាង)