ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានជំរុញក្រុមការងារយុវជន បង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមក ហើយមិនទាន់បានដោះស្រាយនិង ជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យបានផុសផុល។
ការជំរុញការងារខាងលើនេះ ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងដើម្បីភាពជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខនេះ ពិសេសចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺ ទី១-មេឃុំ-ចៅសង្កាត់ , ទី២.ស្មៀនឃុំ-សង្កាត់ , ទី៣-នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ,ទី៤-ថ្នាក់ដឹកនាំភូមិ ពិសេសគឺ មេភូមិ និង ទី៥-មណ្ឌលសុខភាពឃុំ-សង្កាត់។
សម្តេចក្រឡាហោម បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេច និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមការងារយុវជនខេត្តព្រៃវែងបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។
ថ្លែងក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់គ្រប់ជំនាញត្រូវបង្កើននូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ហើយដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អ ចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋាន។
សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំយុវជនបន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជានិងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្មា និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ៕ ដោយ ហួត សម្បត្តិ