កណ្តាល ៖ ជនសង្ស័យ២នាក់ចំណោម៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី១កុម្ភៈ បន្ទាប់ពីបានស្ទាក់វាយកូនសិស្សម្នាក់របួស និង វាយបំផ្លាញម៉ូតូ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម៉ោង១២ និង១០នាទី នៅចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ជនរងគ្រោះមានរបួសរលាត់ស្បែកតិចៗពេញខ្លួន។ ខូចខាតបែកខោអាវម៉ូតូ បាត់កាតាប៊ូម៉ូតូជាប់ជាមួយស្លាកលេខ កណ្ដាល 1AQ-3315 ម៉ូតូម៉ាកហុងដាC125 ឆ្នាំ២០២២ ពណ៌ខ្មៅ ។
ចំណែកជនសង្ស័យ៥នាក់ឃាត់ខ្លួន០២នាក់ គេចខ្លួន០៣នាក់រួមមាន ១-ឈ្មោះ សារ៉ូ គន់លាង ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)និង២-ឈ្មោះ ចាន់ ប្រេស៊ីល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
ចំណែកជនសង្ស័យ៣នាក់គេខ្លួនរួមមាន ១-ឈ្មោះ លឹម ម៉េងគួយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ,២-ឈ្មោះ អ៊ឹង សៀកផេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស នៅភូមិត្រពាំងក្រសាំង ឃុំចែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលនិង៣-ឈ្មោះ ភ្លោះ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក កាតាប៊ូម៉ូតូជាប់ជាមួយស្លាកលេខ កណ្ដាល1AQ-3315 ជារបស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនងគ្រោះនិងមិត្តភក្ដិមានគ្នាបួននាក់ បានទៅអង្គុយលេងដីចម្ការដាំឈូក ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។ បន្ទាប់មកស្រាប់តែមានបក្ខពួកជនសង្ស័យមានគ្នា១០ទៅ១៥នាក់ ជិះម៉ូតូច្រើនគ្រឿងទៅដល់ដីចម្ការដាំឈូកនោះដែរ ហើយបានស្រែកជេរ និងចង្អុលមុខទៅលើភាគីជនរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូចេញទៅវិញបាត់អស់ទៅ ហើយជនរងគ្រោះនិងមិត្តភក្ដិបានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។
នៅពេលជនរងគ្រោះជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន០៥នាក់បានជិះម៉ូតូទៅដល់ដែរ ហើយធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះ និងវាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យខូចខាត។ក្រោយពីធ្វើសកម្មភាពរួចហើយបក្ខពួកជនសង្ស័យបានយកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនអស់បាត់ទៅ។
បន្ទាប់មកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន និងបានសហការណ៍ជាមួយផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុនិងទទួលពាក្យបណ្ដឹងជនរងគ្រោះ។ ក្រោយមកទើបកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំណត់មុខសញ្ញាបាន ក៏ស្រាវជ្រាវស្វែងរកជនសង្ស័យនិងបក្ខពួក។
សមត្ថកិច្ចបន្តទៀតថា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ៉ូ គន់លាង ឈ្មោះ ចាន់ ប្រេស៊ីល ហើយនាំទៅប៉ុស្ដិ៍នគរបាលបែកចាន ដើម្បីសួរនាំបន្ត និង ចាត់ការតាមនីតិវិធី៕(ដោយ សំណាង៩៦)