ក្រុមអាជីវករលក់ទូរសព្ទចងក្រងគ្រុបមួយ, រហូតចាប់ចោរលួចទូរសព្ទដៃបាន៣នាក់

កណ្ដាល ៖ ក្រុមអាជីវករលក់ទូរសព្ទ បានចងក្រងគ្រុបមួយ ក្រោយពីមានចោរលួចទូរសព្ទនៅតូបមួយ ក៏បង្ហោះរូបទូរសព្ទដែលបាត់ចូលគ្រុប ស្រាប់តែមានអាជីវករម្នាក់ឃើញចោរ៣នាក់ដែលយកទូរសព្ទដែលបាត់នោះទៅលក់ ក៏ប្តឹងដល់នគរបាលឱ្យចាប់បានទាំង២នាក់តែម្តង ដែលបទពិសោធន៍ដ៏ល្អនេះគួរតែអាជីវករ នៅកន្លែងដទៃយកជាគំរូ។

ជាក់ស្តែងហេតុការណ៍គាស់តូបលក់ទូរសព្ទដៃខាងលើ កើតឡើងកាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ នៅចំណុចតូបលក់ទូរសព្ទដៃជនរងគ្រោះ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ រិន សារីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ទូរសព្ទដៃ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ,សម្ភារបាត់បង់ ទូរសព្ទចំនួន ០៥គ្រឿងរបស់ជនរងគ្រោះ (យកបានមកវិញ)។

ចំណែកជនសង្ស័យ០៣នាក់រួមមាន ១-ឈ្មោះ ត្រេន ចែម ហៅចាន់ទិត្យ ហៅអាត្នោត ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ភូមិទឹកជា ឃុំពើក ,ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១លើករយៈពេល០៥ខែពីបទ អំពើលួចទូរសព្ទដៃឆ្នាំ២០២២ ,២-ឈ្មោះ សាន្ត ឧស្សា ហៅច្រិល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិទឹកជា ឃុំពើក និង ៣-ឈ្មោះ សាំង សុផាត ហៅស៊ីមពីរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល,ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល០១លើក រយៈពេល០១ឆ្នាំ ពីបទអំពើលួចលុយ ឆ្នាំ២០២១ ។

វត្ថុតាងចាប់យករួមមាន ទូរសព្ទចំនួន ០៥គ្រឿងជារបស់ជនរងគ្រោះ,ទូរសព្ទ៤គ្រឿង និងម៉ូតូ០១គ្រឿង ជារបស់ជនសង្ស័យ(ម៉ាក អូប៉ូ A16k ពណ៌ក្រឡាការ៉ូខ្មៅ ស,ម៉ាក អូប៉ូ ២គ្រឿង A3s ពណ៌ខ្មៅ និងអូប៉ូ A15 ពណ៌ស),ម៉ាក វីវ៉ូY12s ពណ៌ផ្ទៃមេឃ និង ម៉ូតូម៉ាក ធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-7114 ។

សមត្ថកិច្ចបន្តថា កាលពីនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ និងង០៥នាទីយប់ ជនរងគ្រោះបានបិទតូបលក់ទូរសព្ទដៃរបស់ខ្លួនទៅសម្រាកនៅផ្ទះរបស់ខ្លួនក្នុងភូមិ ។ លុះព្រឹកឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះបានចាក់សោបើកទ្វារតូប ក៏ឃើញជញ្ជាំងតូបរបើក ខ្លួនក៏មើលទូរសព្ទដៃនៅក្នុងថតតុ ក៏ដឹងថាបាត់ទូរសព្ទរបស់ខ្លួន៥គ្រឿង ។ 

បន្ទាប់មកជនរងគ្រោះបានរាយការណ៍តាមទូរសព្ទទៅកម្លាំងប៉ុស្តិ៍ពើក ហើយជនរងគ្រោះបានដាក់រូបភាពភិនភាគទូរសព្ទដៃរបស់ខ្លួន ដែលបាត់ទៅចូលក្នុងគ្រុបឆាត(អាជីវករទិញលក់ទូរសព្ទដៃក្នុងស្រុកអង្គស្នួល) ហើយក៏មានអាជីវករបានឃើញជនសង្ស័យ២នាក់ ធ្វើសកម្មភាពដើរលក់ទូរសព្ទដៃរបស់ជនរងគ្រោះ នៅម្តុំផ្សារត្រពាំងអំពិល ខេត្តកំពង់ស្ពឺ រួចអាជីវករបានប្រាប់ទៅជនរងគ្រោះ ។ 

ភា្លមនោះជនរងគ្រោះរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍ពើក សហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍ដំណាក់អំពិល បានចុះទៅដល់ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងហើយបាននាំមកអធិការដ្ឋានដើម្បីសួរនាំ ។ រួចក៏បន្តតាមឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ទៀត ។


តាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៣នាក់ថា«ពិតជាបានធ្វើសកម្មភាពគាស់តូបលក់ទូរស័ព្ទដៃរបស់ជនរងគ្រោះលួចបានទូរសព្ទ៥គ្រឿង ប្រាកដមែន»។

ចំពោះករណីនេះកម្លាំងនគរបាលផ្នែកជំនាញ បានកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *