ព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីលួចមានស្ថានទម្ងន់ទោស «លួចត្រង់ស្វរ័អគ្គីសនីរបស់រដ្ឋ» កាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០១និង១០នាទី រំលងអធ្រា្រត នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ, ២-ឈ្មោះសុខ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ សុខ ចាន់ធឿន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០៣នាក់មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត, បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាព លួចកាត់យកដុំត្រង់ស្វ័រអគ្គីសនីពីបង្គោលភ្លើងអគ្គីសនីដែលជារបស់រដ្ឋ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជា មួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង ឃាត់ខ្លួនបាននៅចំណុចកើតហេតុខាងលើនោះតែម្ដង។
វត្ថុតាងដកហូតរួមមាន ពូថៅដងឈើចំនួន០១ ដើម, កាំបិតប៉័ងតោចំនួន០១ដើម , សោម៉ាឡេតចំនួន០២, ឧបករណ៍ទំពួកសម្រាប់ផ្ដាច់ខ្សែភ្លើងចំនួន០១ដើម, ទុយោជ័រពណ៌ខៀវចំនួន ០១ដើម, ម៉ូតូម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ(ស៊េរីចាស់) ចំនួន០១គ្រឿងជាមធ្យោ បាយប្រព្រឹត្តបទល្មើស, ទូរសព្ទម៉ាក់វីវ៉ូ ពណ៌ខៀវចំនួន០១គ្រឿង និងគ្រឿងអគ្គីសនី(ត្រង់ស្វ័រ)មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវីធីច្បាប់ ៕ដោយ សំណាង៩៦