បរទេស ៖ ពួកក្រុមតារាវិទូបានសង្ស័យយូរមកហើយថា ផ្កាយដុះកន្ទុយ ZTF ដែលសម្បូរទៅដោយម៉ូលេគុលសរីរាង្គអាចបណ្ដុះជីវិតនៅលើផែនដីនិងព្រះចន្ទ និងភពផ្សេងទៀតនៅទូទាំងកាឡាក់ស៊ី។ ថ្មទឹកកកអវកាសនេះលាក់ខ្លួននៅចុងឆ្ងាយបំផុតនៃប្រព័ន្ធសុរិយគតិ ដោយឆ្លងកាត់ផែនដីតែម្តងប៉ុណ្ណោះ ក្នុងរាល់រាប់ម៉ឺនឆ្នាំម្តង។
ចំពោះផ្កាយដុះកន្ទុយ ZTF មិនបានមកលេងផែនដីប្រហែល ៥០.០០០ ឆ្នាំមកហើយ ប៉ុន្តែកុំបារម្ភអី ព្រោះពេលនេះដល់ពេលដែលអាចមើលវាឃើញហើយ។ ផ្កាយដុះកន្ទុយនេះបានមកដល់កៀកផែនដីបំផុតកាលពីថ្ងៃពុធទី១កុម្ភៈឆ្នាំ២០២៣នេះ។
ផ្កាយដុះកន្ទុយ ZTF អាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែទាល់តែផ្ទៃមេឃងងឹតខ្លាំងប៉ុណ្ណោះ។ វានឹងរះឡើងនៅលើជើងមេឃនៃអឌ្ឍគោលខាងជើងនៅព្រឹកព្រលឹម នៅខាងឆ្វេងនៃប៉ូលខាងជើង។ ផ្កាយដុះកន្ទុយនេះកំពុងស្ថិតនៅចម្ងាយប្រហែល ៤២ លានគីឡូម៉ែត្រពីផែនដី ឬ ប្រហែលមួយភាគបីនៃចម្ងាយពីផែនដីទៅព្រះអាទិត្យ។
ផ្កាយដុះកន្ទុយនេះត្រូវបានប្រទះឃើញជាលើកដំបូងក្នុងខែមីនា ឆ្នាំ ២០២២ ដោយមណ្ឌល Zwicky Transient Facility ក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ផ្នែកខាងក្នុងបំផុតនៃប្រព័ន្ធសុរិយគតិ។ ទោះយ៉ាងណា វាបានឆ្លងកាត់ជិតព្រះអាទិត្យបំផុតរួចទៅហើយកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ ហើយឥឡូវនេះកំពុងធ្វើដំណើរចេញមកក្រៅម្តងទៀត។
ខណៈពេលដែលវាបានទៅដល់ចំណុចជិតបំផុតរបស់វាទៅនឹងព្រះអាទិត្យ ដែលស្ថិតនៅក្រៅគន្លងរបស់ផែនដីអ្នកថតរូបតារាសាស្ត្រ ដែលមើលព្រឹត្តិការណ៍នេះក្នុងពេលជាក់ស្តែង អាចផ្តិតយករូបភាពគួរឱ្យភ្ញាក់ផ្អើលនៃកន្ទុយដ៏ធំបំផុតនិងភ្លឺបំផុតរបស់វាបាន៕(ប្រែសម្រួលដោយ លោកសំណាង)