ផ្លោះរបងផ្ទះគេចូលលួចទ្រព្យសម្បត្តិ,ម្ចាស់ផ្ទះទាន់ ឃាត់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុង២ករណីផ្សេងគ្នា ពីបទប៉ុនប៉ងលួច នៅចំណុចផ្ទះគ្មានលេខផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ករណីទី១-បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅមុខផ្ទះគ្មានលេខ ភូមិស្វាយតាអុកសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នាថ្ងៃទី ០១កុម្ភៈឆ្នាំ២០២៣ ម៉ោង០៣និង៣០នាទីទៀបភ្លឺ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះរឿង សម្រេច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា  មុនពេលកើតហេតុ ជនសង្ស័យដើររកលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចល្បាតឃើញមានការ សង្ស័យក៏ឃាត់ត្រួតពិនិត្យ រកឃើញវត្ថុតាងមាន កាំបិតប៉័ងតោ២, កូនកាំបិត២, ដង្កាប់២, កន្រ្តៃ២, ទួណឺវ៉ីស៥, កូនសោលេខ១៧ ចំនួន២, សោខ្សៀលេខ៨ ចំនួន១ និងដែកចុងស្រួចកែច្នៃសម្រាប់ឆ្កឹះសោ១ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ សាកសួរ។

ករណីទី២-ចំណែកបុរសម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិដូចគ្នា នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០១កុម្ភៈឆ្នាំ២០២៣ម៉ោង០២និង៣០នាទីអធ្រាត្រ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ បាវ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករលីសែងស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ គង់ ម៉េងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានចាក់សោទ្វាររបងផ្ទះកើតហេតុត្រឹមត្រូវ រួចក៏នាំគ្នាដេកក្នុងផ្ទះ,ស្រាប់តែជនសង្ស័យ២នាក់ ឈ្មោះ គង់ ម៉េងហុង និងឈ្មោះ ឆែ នាំគ្នាធ្វើសកម្មភាបផ្លោះរបងចូលក្នុងបរិវេណផ្ទះជនរងគ្រោះ ដើម្បី រកលួចទ្រព្យសម្បត្តិ។ 

ពេលនោះជនរងគ្រោះ និងក្រុមគ្រួសារឃើញស្រែកចោរៗ ភ្លាមនោះក៏មានសមត្ថកិច្ចល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ គង់ ម៉េងហុង បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍វាលស្បូវ សាកសួរ។ ចំណែកជនសង្ស័យឈ្មោះ ឆែ រត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *