កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី២១មករា បន្ទាប់ពីបានប្រើហិង្សាដោយចេតនា យកដុំថ្មវាយក្បាលបុរសម្នាក់របួស កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧និង២០នាទីយប់នៅចំណុចហាងកាហ្វេការ៉េមួយភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ព្រោះខឹងជេរខ្លួនថា«អាឆ្កួត»។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ អួញ សុគួន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ កុសល គ្រុយ ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាននទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល(ឃាត់ខ្លួន)និង២-ឈ្មោះរ៉ា សារុំ ហៅឈីតភេទប្រុស២៥ឆ្នាំទីលំនៅភូមិព្រែកបាក់ឃុំព្រែកទន្លាប់ស្រុកលើកដែកខេត្តកណ្តាល(គេចខ្លួន)។ វត្ថុតាងចាប់យក ដុំថ្មតាន់មួយដុំទំហំប៉ុនកំភួនដៃ ។
សមត្ថកិច្ចបន្តថា កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣វេលាម៉ោង៧និង២០នាទីយប់ ជនរងគ្រោះឈ្មោះ អួញ សុគួនបានមកផឹកកាហ្វេនៅហាងយីហោ«ការ៉េមួយ»ពេលមកដល់មិនទាន់បានប្រាំនាទីផងក៏ត្រូវជនសង្ស័យដែលមានគ្នាពីរនាក់នៅផឹកកាហ្វេក្នុងហាងនោះដែរ ម្នាក់ដើរចេញទៅក្រៅនិងម្នាក់ទៀតដើរទៅយកម៉ូតូ។
ពេលដែលជនសង្ស័យម្នាក់យកម៉ូតូជិះចេញមកដល់ក្រៅជនសង្ស័យដែរដើរចេញទៅក្រៅមុននោះក៏បានរើសយកដុំថ្មហើយដើរចូលមកវាយជនរងគ្រោះពីក្រោយមួយទំហឹងបណ្តាលឱ្យបែកក្បាលហូរឈាម ហើយជនដៃដល់ក៏រត់ចេញមកក្រៅរួចក៏បានឡើងម៉ូតូជិះរត់គេចខ្លួនបាត់តែម្តង។
ដោយជនរងគ្រោះមានការភ័យខ្លាចក៏បានមកដាក់ពាក្យប្តឹងដល់សមត្ថកិ្ចឱ្យជួយអន្តរាគមន៍។លុះព្រឹកឡើងដោយមានការបញ្ជាពីលោកអធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការនិងកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញាបាន រួចហៅជនបង្កមកកាន់អធិការដ្ឋានដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា «ខ្លួននិងបក្សពួកពិតជាបានយកដុំថ្មវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយខឹងជនរងគ្រោះជេរខ្លួនថា អាឆ្កួតក្នុងកំឡុង១៥ថ្ងៃមុន»
បច្ចុប្បន្នជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី៕ដោយ ធ្នូជ័យ