កំពង់ស្ពឺ ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបបាន ក្រោយធ្វើសកម្មភាពប្លន់រថយន្តដើម្បីបូមប្រេងនិងគប់កញ្ចក់រថយន្ដនៅពេលយប់ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីបណ្ដាញសង្គមថាមានករណីក្មេងទំនើង ធ្វើសកម្មភាពប្លន់ប្រេងពីរថយន្ដ ដែលឈប់សម្រាកពេលយប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ,លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានដាក់បញ្ជាឱ្យផ្នែកយុត្តិធម៌ស្រុកភ្នំស្រួច បើកការស្រាវជ្រាវរកមុខសញ្ញាក្រុម ចោរទាំងនោះ ដើម្បីចំណាត់ការនិងបង្រ្កាបឱ្យខានតែបាន។
ជាក់ស្ដែងកិច្ចប្រតិបត្តិការដឹកនាំ ពីលោកអធិការស្រុកភ្នំស្រួច ផ្នែកយុត្ដិធម៌ស្រុកសហការជាមួយមូលដ្ឋានប៉ុស្ដិ៍ ប្រមូលព័ត៌មាន និងឈានទៅកំណត់បានមុខសញ្ញា ក្មេងទំនើងដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មើស ក្នុងមូលដ្ឋានកន្លងមក។
ជាលទ្ធផលសមត្ថកិច្ចជំនាញបាន ធ្វើការឃាត់ខ្លួន មុខសញ្ញា៤នាក់រួមមាន ១-ឈ្មោះ ភា រាជ ភេទប្រុស អាយុ២៩ឆ្នាំ,២.ឈ្មោះ មៀម សុធារៈ ភេទប្រុស អាយុ២៧ឆ្នាំ, ៣.ឈ្មោះ បេង សំណាង ហៅវិត ភេទប្រុស អាយុ៣១ឆ្នាំនិង៤.ឈ្មោះ ជីង រ៉ា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ,ឯឈ្មោះ តូរ៉ា ភេទប្រុស និងបក្ខពួកមួយចំនួនគេចខ្លួន។
តាមចម្លើយអ្នកទាំង៤ថា«ខ្លួនពិតជាបានធ្វើសកម្មភាពគំរាមយកដុំថ្មគប់កញ្ចក់រថយន្តយកដាវដេញគំរាមកាប់លើអ្នកបើកបររួចបូបយកប្រេង ចេញពីរថយន្ដប្រាកដមែន។កន្លងទៅក្រុមខ្លួន តែងតែប្រព្រឹត្ដសកម្មភាព លួចបូបប្រេងពីរថយន្តញឹកញាប់ និងគប់កញ្ចក់រថយន្ដពេលយប់»។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមុខសញ្ញាទាំង៤នាក់ មកការិយាល័យព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕ ដោយ ៖ សំណាង៩៦