បរទេស ៖ សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរបស់ខ្លួន បានប្រារព្ធខួបពីរឆ្នាំនៃរដ្ឋប្រហារយោធា កាលពីថ្ងៃអង្គារទី៣១មករា ឆ្នាំ២០២៣ ជាមួយនឹងការរឹតត្បិតលើក្រុមមន្ត្រីថាមពលនិងសមាជិករបបយោធាមីយ៉ាន់ម៉ា ក្នុងចំណោមអ្នកដទៃទៀត
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិក បញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើគណៈកម្មការបោះឆ្នោតសហភាព សហគ្រាសរ៉ែ និង មន្ត្រីថាមពល ក្នុងចំណោមអ្នកដទៃទៀត ។ ព័ត៌មានលម្អិតនៃការសម្រេចចិត្តនេះ ត្រូវបានរាយការណ៍ដំបូងដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បើតាមអ្នកនាំពាក្យក្រសួងរតនាគារ អាមេរិកបាននិយាយថា «វាជាលើកដំបូងហើយដែលសហរដ្ឋអាមេរិក បានកំណត់គោលដៅទៅលើមន្ត្រីសហគ្រាសប្រេងនិងឧស្ម័នមីយ៉ាន់ម៉ា (MOGE) ក្រោមកម្មវិធីដាក់ទណ្ឌកម្មមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ ចំណែកកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មផងដែរ។
ក្រុមឧត្តមសេនីយ៍កំពូលៗ របស់មីយ៉ាន់ម៉ា បានដឹកនាំរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីការចែករំលែកអំណាចដ៏តានតឹងប្រាំឆ្នាំក្រោមប្រព័ន្ធនយោបាយពាក់កណ្តាលស៊ីវិលដែលបង្កើតឡើងដោយយោធា ដែលនាំទៅដល់ការផ្លាស់ប្តូរមិនធ្លាប់មានពីមុនមក។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារមក ខណៈចលនាតស៊ូមួយបានចេញមកប្រយុទ្ធនឹងយោធានៅសមរភូមិជួរមុខជាច្រើន បន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើគូប្រជែង ដែលឃើញទណ្ឌកម្ម របស់លោកខាងលិចត្រូវបានដាក់ឡើងវិញ។
យោងតាមក្រសួងរតនាគារបានឱ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានកំណត់គោលដៅទៅលើនាយកគ្រប់គ្រងនិងនាយករងគ្រប់គ្រងនៃសហគ្រាស MOGE ជាសហគ្រាសរដ្ឋ ដែលបង្កើតប្រាក់ចំណូលធំបំផុតតែមួយគត់របស់របបយោធា។
ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើសហគ្រាស MOGE ប៉ុន្តែរហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនទាន់ហ៊ានធ្វើនៅឡើយទេ។
លោករដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា ក៏ជាប់ទណ្ឌកម្មដែរ ដែលក្រសួងរតនាគារនិយាយថា តំណាងឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការចូលរួមផ្នែកថាមពលអន្តរជាតិនិងក្នុងស្រុក និងគ្រប់គ្រងក្រុមហ៊ុនរបស់រដ្ឋដែលពាក់ព័ន្ធនឹងការផលិតនិងការនាំចេញប្រេងនិងឧស្ម័ន។
សហគ្រាសរ៉ែលេខ ១ និងសហគ្រាសរ៉ែលេខ ២ ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ក៏ដូចជាគណៈកម្មការរៀបចំការបោះឆ្នោតសហភាព ក៏ត្រូវបានរងទណ្ឌកម្មដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផងដែរ៕(ប្រែសម្រួលដោយ លោកសំណាង)