បរទេស ៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា គាត់នឹង«ទទួលខុសត្រូវ»នៅពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិបានចាប់គាត់ទៅឃុំឃាំងកាលពីថ្ងៃទី ១២ ខែមីនាដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្គ្រាមរបស់គាត់លើគ្រឿងញៀន។
តុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយថា មាន«ហេតុផលសមហេតុផល»ដើម្បីជឿថាលោក Duterte បានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៃអំពើឃាតកម្ម ក្នុងនាមជា «សហឧក្រិដ្ឋជនដោយប្រយោល»ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលក្រុមសិទ្ធិមនុស្សប៉ាន់ស្មានថាបានសម្លាប់មនុស្សរាប់សិបពាន់នាក់។

លោក Duterte បាននិយាយនៅក្នុងវីដេអូមួយដែលចែករំលែកនៅលើទំព័រ Facebook របស់គាត់ និងទីប្រឹក្សាជិតស្និទ្ធម្នាក់ ខណៈដែលគាត់ហៀបនឹងទៅដល់ប្រទេសហូឡង់ យ៉ាងដូច្នេះថា «ខ្ញុំជាមនុស្សតែម្នាក់ដែលបានដឹកនាំមន្ត្រីអនុវត្តច្បាប់ និងយោធារបស់យើង។ ខ្ញុំបាននិយាយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះរឿងទាំងអស់នេះ»។
បុរសអាយុ ៧៩ ឆ្នាំដែលជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលប្រឈមមុខនឹងការចោទប្រកាន់នៅ ICC បាននិយាយថា«ខ្ញុំបានប្រាប់ប៉ូលិស យោធាថាវាជាការងាររបស់ខ្ញុំ ហើយខ្ញុំទទួលខុសត្រូវ»។
តុលាការនេះកាត់ទោសឧក្រិដ្ឋកម្មអាក្រក់បំផុតក្នុងពិភពលោក រួមមានឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍។
អ្នកនាំពាក្យម្នាក់បានបញ្ជាក់ថា លោក Duterte កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងរបស់តុលាការ បន្ទាប់ពីលោកបានមកដល់ទីក្រុង Rotterdam តាមយន្តហោះឯកជន។
រថយន្ត ដែលគេគិតថាដឹកលោក Duterte បានបើកចូលក្នុងមន្ទីរឃុំឃាំង ICC ក្នុងទីក្រុងឡាអេ ឆ្លងកាត់ហ្វូងអ្នកគាំទ្ររាប់សិបនាក់ ដោយខ្លះស្រែកថា «នាំគាត់ត្រឡប់ទៅស្រុកវិញ» និងគ្រវីទង់ជាតិ។
អ្នកបម្រើតាមផ្ទះឈ្មោះ Duds Quibin អាយុ ៥០ ឆ្នាំបានប្រាប់ AFP ថា «មិនមានដំណើរការត្រឹមត្រូវទេ។ នេះជាការចាប់ពង្រត់។ ពួកគេគ្រាន់តែដាក់គាត់នៅលើយន្តហោះ ហើយនាំគាត់មកទីនេះ»៕(ប្រែសម្រួលដោយ លោកសំណាង)
