បរទេស ៖ ប្រទេសនានាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សហរដ្ឋអាមេរិកបានយល់ព្រមនៅថ្ងៃទី ១១ខែមីនា ដើម្បីបន្តជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សាដែលរដ្ឋាភិបាលក្រុងគៀវនិយាយថា ខ្លួននឹងទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា «អាមេរិកនឹងទទួលយកសំណើនេះទៅរុស្ស៊ីហើយបាល់នោះនឹងស្ថិតនៅក្នុងទីលានរបស់រដ្ឋាភិបាលក្រុងមូស្គូ»។

ដោយសំដៅទៅលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីកិច្ចពិភាក្សាជាងប្រាំបីម៉ោងនៅទីក្រុង Jeddah លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា «ប្រធានាធិបតីចង់ឱ្យសង្រ្គាមនេះបញ្ចប់កាលពីម្សិលមិញ… ដូច្នេះក្តីសង្ឃឹមរបស់យើង គឺ រុស្ស៊ីនឹងឆ្លើយថា [យល់ព្រម]ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចឈានដល់ដំណាក់កាលទីពីរនៃរឿងនេះ ដែលជាការចរចាពិតប្រាកដ»។
វិមានក្រឹមឡាំងបានបើកការលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែនកាលពីបីឆ្នាំមុន ហើយរុស្ស៊ី ដែលកំពុងមានវឌ្ឍនភាព ឥឡូវនេះបានកាន់កាប់ប្រហែលមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន រួមទាំងតំបន់គ្រីមេ ដែលខ្លួនអះអាងថាបានកាត់យកក្នុងឆ្នាំ ២០១៤។
លោក Rubio បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់បានកិច្ចព្រមព្រៀងពេញលេញជាមួយរុស្ស៊ី និងអ៊ុយក្រែន «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោកបានថ្លែងថា «ជារៀងរាល់ថ្ងៃដែលកន្លងផុតទៅ សង្គ្រាមនៅតែបន្ត មនុស្សបានស្លាប់ មនុស្សត្រូវបានទម្លាក់គ្រាប់បែក មនុស្សបានរងរបួសនៅភាគីទាំងសងខាងនៃជម្លោះនេះ»៕(ប្រែសម្រួលដោយ លោកសំណាង)
