ភ្នំពេញ ៖ អំពើឃាតកម្មលើនារីម្នាក់នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ,គឺឃាតករដែលត្រូវជាអតីតប្តីបានចងកសម្លាប់ខ្លួនឯងនៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១០មីនាឆ្នាំ២០២៥ គឺក្រោយមួយថ្ងៃនៃអំពើឃាតកម្មកើតឡើង។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ អ៊ុន ស្រីល័ក ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរអ្នករត់តុនៅហាងមួយ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ។
ប្រភពបន្តថា ជនសង្ស័យ និងជនរងគ្រោះត្រូវជាអតីតប្ដីប្រពន្ធ មានកូនប្រុសម្នាក់ បានលែងលះគ្នារយៈពេល១ឆ្នាំមកហើយ ,នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យដែលត្រូវជាប្ដីជនរងគ្រោះបានមកផឹកស៊ីនៅហាងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដែលជាកន្លែងធ្វើការរបស់ជនរងគ្រោះ០៣ថ្ងៃជាប់គ្នាមកហើយ ស្រាប់តែមានទំនាស់ពាក្យសម្ដីនឹងគ្នា ដោយជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះថា មានប្រុសផ្សេង។

តាមចម្លើយសាក្សីមុនពេលកើតហេតុ ជនសង្ស័យបាននិយាយថា នឹងដឹកជនរងគ្រោះយកទៅសម្លាប់ចោលតែម្ដង។បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូឌុបជនរងគ្រោះចេញពីកន្លែងធ្វើការ, លុះទៅដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពវាយក្បាលជនរងគ្រោះ និងខ្ទប់ដង្ហើមបណ្ដាលឱ្យស្លាប់។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ ហើយបានទំនាក់ទំនងទៅកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ដើម្បីសហការចាប់ជនសង្ស័យ។

លុះបន្ទាប់មកសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានទទួលព័ត៌មាន នៅវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ ថាមានបុរសម្នាក់ចងកសម្លាប់ខ្លួន ទើបសមត្ថកិច្ចចុះទៅត្រួតពិនិត្យកោសល្យវិច័យ គឺបុរសរូបនេះពិតជាជនសង្ស័យដែលបានសម្លាប់ជនរងគ្រោះត្រូវជាអតីតប្រពន្ធរបស់ខ្លួននៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវពិតមែន ។
ប្រភពពីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ឃាតករជាប្តីឈ្មោះ ប៊ន សេងហាប់អាយុ៣០ឆ្នាំ ទីលំនៅមុនលែងលះនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនិងទីលំនៅបច្ចុប្បន្នភូមិនិម្មិត១ ឃុំនិម្មិត្តស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យឈ្មោះប៊ន សេងហាប់ បានចងកសម្លាប់ខ្លួនកាលពីថ្ងៃចន្ទ ទី១០ ខែមីនាឆ្នាំ២០២៥ វេលាម៉ោង៨យប់ នៅចំណុចភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅផ្ទះអ៊ុំស្រីរបស់ខ្លួន។
យោងតាមសាក្សីម្នាក់ឈ្មោះ ប៊ន សុផល ភេទស្រី អាយុ៦៥ ឆ្នាំត្រូវជាអ៊ុំ រស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា ឈ្មោះប៊ន សេងហាប់ បានធ្វើដំណើពីភ្នំពេញមកដល់ផ្ទះអ៊ុំស្រីរបស់ខ្លួននៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ២០២៥ពេលមកដល់មិននិយាយស្តីអី្វសោះគ្រាន់តែប្រាប់ថា«មកលេងអ៊ុំ ហើយក៏ឡើងដេកលើផ្ទះដោយនិយាយថាអត់ងងុយព្រោះជិះឡានយប់»។ ពេលដេករហូតតាំងពីមកដល់រហូតដល់ពេលបាយល្ងាចប្រហែលជាម៉ោងជាង៦ល្ងាចហៅហូបបាយតែមិនឃើញក៏ដើររករហូតដល់ម៉ោង៨យប់ បានប្រទះឃើញចងកនឹងដើមខ្នុរស្លាប់នៅក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះបាត់ទៅហើយ ។

ជុំវិញករណីខាងលើនេះសមត្ថកិច្ចខណ្ឌឫស្សីកែវនិងរាជធានីភ្នំពេញ បានបិទបញ្ចប់សំណុំរឿងនេះ ដោយភាគីទាំង២បានស្លាប់រៀងៗខ្លួន៕(ដោយ BBN04)
