ស.រ.អា ៖ ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាច ដោយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ចដែលជំរុញឱ្យមានការលក់ចេញពីទីផ្សារភាគហ៊ុន ដែលបានលុបចោលតម្លៃ ៤ ទ្រីលានដុល្លារពីការឡើងថ្លៃដល់កំពូលរបស់ទីផ្សារហ៊ុន S&P 500 កាលពីខែមុន នៅពេលដែល Wall Street អបអរសាទររបៀបវារៈរបស់លោកត្រាំ។
គោលនយោបាយថ្មីៗរបស់ត្រាំបានបង្កើនភាពមិនច្បាស់លាស់សម្រាប់អាជីវកម្ម អ្នកប្រើប្រាស់ និងវិនិយោគិនជាពិសេសសង្គ្រាមពន្ធទៅវិញទៅមកប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាកាណាដា ម៉ិកស៊ិក និង ចិន។
លោកស្រី Ayako Yoshioka អ្នកយុទ្ធសាស្រ្តវិនិយោគជាន់ខ្ពស់នៃក្រុមហ៊ុន Wealth Enhancement បាននិយាយថា «យើងបានឃើញយ៉ាងច្បាស់នូវការផ្លាស់ប្តូរអារម្មណ៍ដ៏ធំមួយ។ អ្វីដែលមានប្រសិទ្ធភាពកន្លងមក គឺមិនដំណើរការឥឡូវនេះទេ»។

ការលក់ភាគហ៊ុនបានកើតឡើងយ៉ាងខ្លាំងកាលពីថ្ងៃទី ១០ ខែមីនា។ សន្ទស្សន៍ S&P 500 បានធ្លាក់ចុះ ២,៧ ភាគរយដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតប្រចាំឆ្នាំ។ ផ្សារហ៊ុន Nasdaq Composite បានធ្លាក់ចុះ ៤ ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២។
S&P 500 នៅថ្ងៃទី ១០ ខែមីនាបានបិទនៅតម្លៃធ្លាក់ចុះ ៨,៦ ភាគរយពីកំណត់ត្រាខ្ពស់របស់ខ្លួនកាលពីថ្ងៃទី ១៩ខែកុម្ភៈ ដោយធ្លាក់ចុះជាង ៤ ទ្រីលានដុល្លារនៅក្នុងតម្លៃទីផ្សារចាប់តាំងពីពេលនោះមក ហើយបានធ្លាក់ចុះជិត ១០ភាគរយ ដែលអាចនឹងតំណាងឱ្យការកែតម្រូវសន្ទស្សន៍។ ក្រុមហ៊ុនបច្ចេកវិជ្ជាធុនធ្ងន់ Nasdaq បានបិទផ្សារនៅថ្ងៃទី៦ ខែមីនាដោយធ្លាក់ចុះជាង ១០ ភាគរយពីកម្រិតខ្ពស់បំផុតនៅខែធ្នូ។
លោកត្រាំ កាលពីចុងសប្តាហ៍បានបដិសេធមិនធ្វើការទស្សន៍ទាយថាតើសហរដ្ឋអាមេរិកអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចឬយ៉ាងណាទេ នៅពេលដែលវិនិយោគិនព្រួយបារម្ភអំពីផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់គាត់។
លើសពីភាពមិនប្រាកដប្រជានៃពន្ធនេះ អ្នកវិនិយោគកំពុងមើលថាតើសមាជិកសភាអាចអនុម័តច្បាប់ផ្តល់មូលនិធិដើម្បីទប់ស្កាត់ការផ្អាកដំណើរការរដ្ឋាភិបាលសហព័ន្ធមួយផ្នែក ខណៈពេលដែលរបាយការណ៍សំខាន់ស្តីពីអតិផរណាត្រឹមនឹងចេញនៅថ្ងៃទី ១២ ខែមីនានេះ។
លោក Ross Mayfield អ្នកយុទ្ធសាស្រ្តវិនិយោគនៅក្រុមហ៊ុន Baird បាននិយាយថា «រដ្ឋបាលត្រាំហាក់ទទួលយកនូវគំនិតដែលថាពួកគេយល់ព្រមជាមួយនឹងទីផ្សារធ្លាក់ចុះ ហើយពួកគេថែមទាំងអាច OK ជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចទៀតផង ដើម្បីសម្រេចគោលដៅធំរបស់ពួកគេ។ ខ្ញុំគិតថាវាជាការដាស់តឿនដ៏ធំមួយសម្រាប់ Wall Street»។ ទ្រព្យសម្បត្តិទីផ្សារភាគហ៊ុនភាគច្រើនជាកម្មសិទ្ធិរបស់អ្នកមានៗ៕(ប្រែសម្រួលដោយ លោកសំណាង)
