អេឡុន ម៉ាស រៀបចំផែនការដាក់ទណ្ឌកម្មលើក្រុមមហាសេដ្ឋីអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាមឱ្យបានឆាប់

ស.រ.អា ៖ មហាសេដ្ឋីបច្ចេកវិជ្ជាលោក Elon Musk បានលើកឡើងថា ការដាក់ទណ្ឌកម្មលើក្រុមមហាសេដ្ឋីអ៊ុយក្រែន គឺជាគន្លឹះក្នុងការបញ្ឈប់ជម្លោះបង្ហូរឈាមរបស់ប្រទេសនេះជាមួយរុស្ស៊ី។

លោកម៉ាស់ អាយុ ៥៣ ឆ្នាំ ដែលជានាយកប្រតិបត្តិមហាសេដ្ឋីរបស់ក្រុមហ៊ុន Tesla និង SpaceX បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មសំដៅទៅលើក្រុមអ្នកមានបំផុតរបស់អ៊ុយក្រែននៅក្នុងសារបង្ហោះលើ X កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ។

អន្តរាគមន៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការចាកចេញឆ្ងាយពីយុទ្ធសាស្ត្របច្ចុប្បន្ន ដែលផ្តោតលើការដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការលុកលុយ ដែលមិនបង្កហេតុនៅក្នុងប្រទេសអ៊ុយក្រែន។

លោកម៉ាស់បានសរសេរថា «ដាក់ទណ្ឌកម្មលើកំពូលមហាសេដ្ឋីអ៊ុយក្រែនទាំង ១០ ជាពិសេសអ្នកដែលមានផ្ទះនៅMonaco ហើយសង្គ្រាមនឹងបញ្ឈប់ភ្លាមៗ។ នោះគឺជាគន្លឹះនៃការដោះប្រស្នា»។

ការកត់សម្គាល់បែបនេះធ្វើឡើងនៅចុងបញ្ចប់នៃកិច្ចពិភាក្សាដ៏តឹងតែងពេញមួយសប្តាហ៍នៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីថាតើការបន្តជំនួយផ្នែកហិរញ្ញវត្ថុ និងយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងគៀវ មាននិរន្តរភាពឬយ៉ាងណា ខណៈដែលសង្រ្គាមនៅតែបន្តដោយតម្រុយនឹងចប់។

ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋលោក Mike Lee (មកពីរដ្ឋ Utah) ថ្មីៗនេះបានលើកឡើងថា សហរដ្ឋអាមេរិកមិនគួរផ្តល់ «សូម្បី១កាក់» ដល់អ៊ុយក្រែនទេ ជាទស្សនៈមួយត្រូវបានជឿដូចៗគ្នាដោយសាធារណជនអាមេរិក ដែលនឿយណាយនឹងការបង្ហូរឈាមគ្មានទីបញ្ចប់ និងកញ្ចប់ជំនួយរាប់ពាន់លានដុល្លារ។

ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះជំហររបស់គាត់ រួមទាំងការចោទប្រកាន់ថាគាត់ទន់ភ្លន់ពេកចំពោះការឈ្លានពានរបស់រុស្ស៊ី លោកម៉ាស់បានចេញមុខការពារជំហររបស់គាត់ ដោយរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ដើម្បីគាំទ្រការការពារប្រទេសអ៊ុយក្រែន។

លោកម៉ាស់បាននិយាយតបទៅកាន់អ្នករិះគន់ដែលចោទប្រកាន់គាត់ថាបានចូលដៃជាមួយមូស្គូយ៉ាងដូច្នេះ «ខ្ញុំបានបបួលពូទីនប្រយុទ្ធមួយស្មើទល់នឹងអ៊ុយក្រែន ហើយប្រព័ន្ធ Starlink របស់ខ្ញុំគឺជាឆ្អឹងខ្នងនៃកងទ័ពរបស់អ៊ុយក្រែន។ទ័ពជួរមុខរបស់ពួកគេទាំងមូលនឹងរលំ បើខ្ញុំបិទប្រព័ន្ធ»។

ចាប់តាំងពីដើមដំបូងនៃសង្រ្គាម ប្រព័ន្ធអ៊ីនធឺណេតផ្កាយរណប Starlink របស់លោកម៉ាស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទំនាក់ទំនងយោធារបស់អ៊ុយក្រែន ខណៈដែលរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសឥតឈប់ឈរ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *