ស.រ.អា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមីនា បានគំរាមដាក់ទណ្ឌកម្ម និងពន្ធថ្មីលើរុស្ស៊ី ជុំវិញការទម្លាក់គ្រាប់បែកលើអ៊ុយក្រែន បន្ទាប់ពីបានផ្អាកជំនួយរបស់សហរដ្ឋអាមេរិកដល់រដ្ឋាភិបាលក្រុងគៀវក្នុងគោលបំណងលើកទឹកចិត្តផ្នែកការទូត។
ប៉ុន្តែនៅក្នុងការអត្ថាធិប្បាយនៅថ្ងៃទី ៧ ខែមីនាដដែលនោះ គាត់បាននិយាយថា វា «ងាយស្រួល»ក្នុងការធ្វើការជាមួយរុស្ស៊ីជាងអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។
ការព្រមានរបស់លោកត្រាំទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ ដែលបានចេញផ្សាយនៅលើវេទិកាសង្គម Truth Social របស់លោកបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយដ្រូននិងមីស៊ីល «ទ្រង់ទ្រាយធំ»ទៅលើរោងចក្រថាមពលអ៊ុយក្រែននៅថ្ងៃទី ៧ ខែមីនាឆ្នាំ២០២៥។

លោកត្រាំបានសរសេរថា «ដោយផ្អែកលើការពិតដែលថារុស្ស៊ីកំពុង [វាយលុក]អ៊ុយក្រែនយ៉ាងពិតប្រាកដនៅក្នុងសមរភូមិនៅពេលនេះ ខ្ញុំកំពុងពិចារណាយ៉ាងខ្លាំងលើការដាក់ទណ្ឌកម្មផ្នែកធនាគារ ការដាក់ទណ្ឌកម្មនានា និងពន្ធលើប្រទេសរុស្ស៊ី រហូតទាល់តែមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដំណោះស្រាយចុងក្រោយស្តីពីសន្តិភាពត្រូវបានសម្រេច»។លោកបានបន្ថែមថា «ចំពោះរុស្ស៊ី និង អ៊ុយក្រែន សូមចូលតុចរចាឥឡូវនេះ មុនពេលវាយឺតពេល»។
លោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់ប្រធានាធិបតីត្រាំបានបន្ទរសារមួយនេះនៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៧ ខែមីនាផងដែរ។ លោកបាននិយាយថា «លោកប្រធានាធិបតីត្រាំមានការតាំងចិត្តថា យើងត្រូវតែនាំមនុស្សគ្រប់គ្នាមកតុចរចា ហើយយើងអាចធ្វើវាបានជាមួយធម៌ត្រជាក់ និងធម៌ក្តៅ»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ៧ ខែមីនាបន្ទាប់ពីសារបង្ហោះរបស់គាត់តាមអ៊ីនធឺណិត លោកត្រាំបាននិយាយថា គាត់ទុកចិត្តប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពីទីន។ គាត់បានបន្តថា «ខ្ញុំជឿគាត់»។
លោកនិយាយថា «ខ្ញុំគិតថា គាត់ចង់បញ្ឈប់វា ហើយដោះស្រាយ ហើយខ្ញុំគិតថា គាត់វាយពួកគេខ្លាំងៗមិនទាន់គ្រប់គ្រាន់ទេ។ ហើយខ្ញុំគិតថានរណាក៏ដោយដែលនៅក្នុងស្ថានភាពនោះនឹងធ្វើបែបនេះដូចតែគ្នា»។
លោកបាននិយាយថា “«ខ្ញុំយល់ថាវាពិបាកក្នុងការដោះស្រាយជាមួយអ៊ុយក្រែនមែនទែននិយាយដោយស្មោះត្រង់ហើយពួកគេមិនមានសន្លឹកបៀរក្នុងដៃទេ។ វាប្រហែលជាងាយស្រួលក្នុងការដោះស្រាយជាមួយរុស្ស៊ីជាង»៕(ប្រែសម្រួលដោយ លោកសំណាង)
