ចិនប្តេជ្ញា «ប្រយុទ្ធដល់ទីបញ្ចប់» ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

ចិន ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao បាននិយាយថា ចិនមិនភ័យចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកនោះទេ ដោយប្តេជ្ញាថានឹង «ប្រយុទ្ធរហូតដល់ទីបញ្ចប់» ពោលគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ពន្ធលើកទីពីរលើការនាំចូលរបស់ចិន ចំពេលសង្គ្រាមពាណិជ្ជកម្មកំពុងតែក្តៅគគុក។

ការព្រមានជាសាធារណៈដោយមន្ត្រីពាណិជ្ជកម្មកំពូលរបស់ចិនបានកើតឡើងខណៈដែលការយកពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកលើទំនិញចិនបានឈានដល់ ២០ ភាគរយ ហើយអាចកើនឡើងបន្ថែមទៀត។

រដ្ឋាភិបាលក្រុងប៉េកាំង បានសងសឹកជាមួយនឹងសំណុំពន្ធផ្ទាល់ខ្លួនលើផលិតផលកសិកម្មរបស់អាមេរិក ហើយបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការបង្ខូចថ្លៃចំពោះការនាំចូលខ្សែកាបអុបទិករបស់អាមេរិកមួយចំនួន។

សំដៅលើការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើទំនិញចិន លោក Wang បាននិយាយថា «ការបង្ខិតបង្ខំ ឬ គំរាមកំហែង មិនមានប្រសិទ្ធភាពលើប្រទេសចិនទេ ហើយវាមិនធ្វើឱ្យចិនភ័យខ្លាចនោះទេ»។

លោក​បានថ្លែង​បែបនេះទៅកាន់​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ២០២៥នៅ​ក្រៅ​កិច្ចប្រជុំ​ពីរ ឬ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាជិកសភា និង​ទីប្រឹក្សា​នយោបាយ​ចិន​។

លោក​បាន​និយាយថា​ «ប្រសិន​បើ​ភាគី​អាមេរិក​ដើរ​ទៅ​មុខ​ទៀត​ហើយ​ដើរ​លើ​ផ្លូវ​ខុស​នោះ ចិន​នឹង​បន្ត​តាមកំដរ ហើយ​ប្រយុទ្ធ​ឱ្យ​ដល់​ទីបញ្ចប់»។

លោក Wang បានចង្អុលពីរបៀបដែលទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះបន្ទាប់ពីការយកពន្ធបន្ថែមលើចិន ម៉ិកស៊ិក និងកាណាដាបានចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា ហើយបានអះអាងថា សកម្មភាពរបស់សហរដ្ឋអាមេរិកគឺធ្វើឱ្យប៉ះពាល់ដល់ប្រជាជន និងអាជីវកម្មរបស់ខ្លួនឯង។

លោក Wang ដែលបានទទួលស្គាល់ដោយឡែកពីគ្នាថា «ការអភិវឌ្ឍពាណិជ្ជកម្មរបស់ចិនប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់» បាននិយាយថា «មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ» ប៉ុន្តែបានកត់សម្គាល់ថាវាបានជំរុញឱ្យចិនធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន។

លោកបានបន្ថែមថា លោកសូមផ្ញើសារនូវក្តីសង្ឃឹមទៅកាន់សមភាគីអាមេរិកថា កង្វល់របស់ពួកគេអាចត្រូវបានដោះស្រាយតាមរយៈការសន្ទនា ហើយភាគីទាំងពីរអាចជួបប្រជុំគ្នានៅពេលដ៏សមស្របណាមួយ ត្បិតលោកបាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិកគឺបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិក្តី៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *