លោកត្រាំ កាត់ផ្តាច់ព័ត៌មានចារកម្មសម្រាប់អ៊ុយក្រែន ដើម្បីបង្ខំឱ្យចរចាសន្តិភាពជាមួយរុស្ស៊ី

ស.រ.អា ៖ លោក John Ratcliffe នាយក CIA បាននិយាយកាលពីថ្ងៃទី ៥ ខែមីនាថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន ដោយដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យសហការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី។

ការផ្អាក ដែលអាចប៉ះពាល់ដល់អាយុជីវិតដោយធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បន្ទាប់ពីការផ្អាកជំនួយនៅសប្តាហ៍នេះ គឺធ្វើឡើងបន្ទាប់ពីការផ្អាកជំនួយយោធាអាមេរិកដល់រដ្ឋាភិបាលក្រុងគៀវ។

នេះគូសបញ្ជាក់អំពីឆន្ទៈរបស់លោកត្រាំ ក្នុងការលេងធម៌ក្តៅជាមួយសម្ព័ន្ធមិត្ត ខណៈដែលលោកបានបង្ហាញពីវិធីសាស្រ្តផ្សះផ្សាចំពោះរដ្ឋាភិបាលក្រុងមូស្គូពីអ្វីដែលធ្លាប់តែជាការគាំទ្រដ៏មុតមាំរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។

សម្ពាធនេះហាក់មានប្រសិទ្ធភាព ដោយលោកត្រាំកាលពីថ្ងៃទី ៤ ខែមីនាបាននិយាយថា គាត់បានទទួលសំបុត្រពីលោកហ្សេលេនស្គី ដែលនិយាយថាគាត់សុខចិត្តមកតុចរចា។

លោក Ratcliffe បាន​ប្រាប់ Fox Business Network ថា​ «ខ្ញុំ​គិត​ថា​នៅ​ផ្នែកយោធា និង​ផ្នែក​ស៊ើបការណ៍​សម្ងាត់ការ​ផ្អាក​ ខ្ញុំ​គិត​ថា​ នឹង​បាត់​ទៅ​វិញ​»។

លោកបាននិយាយថា «ខ្ញុំគិតថា យើងនឹងធ្វើការប្រកៀកស្មាជាមួយអ៊ុយក្រែន ខណៈដែលយើងត្រូវរុញច្រានការឈ្លានពានដែលមាននៅទីនោះ ប៉ុន្តែក៏ត្រូវដាក់ពិភពលោកនៅក្នុងកន្លែងល្អប្រសើរសម្រាប់ការចរចាសន្តិភាពខាងមុខផងដែរ»។

ប្រភព ដែលដឹងអំពីស្ថានភាពនេះដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋបាលត្រាំបានបញ្ឈប់ «អ្វីៗគ្រប់យ៉ាង»រួមទាំងការកំណត់គោលដៅទិន្នន័យដែលអ៊ុយក្រែនបានប្រើដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី។

ប្រភពទីពីរបាននិយាយថា ការចែករំលែកព័ត៌មានសម្ងាត់ត្រូវបានកាត់ផ្តាច់ត្រឹមតែ «មួយផ្នែក»ប៉ុណ្ណោះ ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបានទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *