ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននាថ្ងៃទី១៣កុម្ភៈ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បន្ទាប់ពីបានយកកាំបិតប៉័ងតោកាប់សង្សារឱ្យរបួសធ្ងន់ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១រសៀលនៅចំណុចមុខហាងចរណៃ នៅខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ វែង ស្រីឡែន ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចរណៃ ស្នាក់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ភ័ក្រ្តសុវណ្ណារ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបន្តថា កាលពីអំឡុងឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហានឹងគ្នាបន្ទាប់មកជនសង្ស័យក៏ឱ្យជនរងគ្រោះទៅរស់នៅជាមួយគ្នានៅផ្ទះជនសង្ស័យ តែជនរងគ្រោះពុំព្រម ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះជនសង្ស័យគម្រាមជនរងគ្រោះថា «បើចង់បែកពីខ្ញុំមានអ្នកថ្មី ខ្ញុំនឹងកាប់សម្លាប់ចោល»។

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១រសៀល ជនរងគ្រោះកំពុងធ្វើការនៅហាងចរណៃ ,ជនសង្ស័យបានទាក់ទងទូរសព្ទមកជនរងគ្រោះ២ដង តែជនរងគ្រោះមិនលើកនិយាយ ធ្វើឱ្យជនសង្ស័យខឹងក៏ជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HR-3210 មកឈប់មុខហាងចរណៃ ។
បន្ទាប់មកក៏ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះត្រូវចំក្បាល និង កាប់ជើងឆ្វេងដាច់ឆ្អឹងរបួសធ្ងន់ រួចជិះម៉ូតូគេចខ្លួន។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សមត្ថកិច្ចបន្តទៀតថា លុះដល់ម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ ម៉ូតូ ១គ្រឿង ជារបស់ជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសាកសួរបន្ត៕(ដោយ BBN04)
