ចាប់បានឃាតករម្នាក់ដល់ខេត្តព្រះសីហនុ ក្រោយច្របាច់កសង្សាររហូតដល់ស្លាប់

ព្រះសីហនុ ៖ ជនដៃដល់ម្នាក់ ដែលច្របាច់កសង្សាររហូតដល់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យកាលពីពេលកន្លងទៅត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួននៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ ដែលកិច្ចប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ឱ្យដឹងថា ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។ 

ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យាស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និង ចាត់ការបន្តទៀតតាមនីតិវិធី។

គួររំលឹកថា កម្មការិនីរោងចក្រម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតករប្រើខ្សែរឹតកសម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។ 

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោង១និង៣០ នាទីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយត្រូវបានគេសង្ស័យថា«ជាអំពើឃាតកម្ម»។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ត្រូវឃាតករច្របាច់ករហូតដល់ស្លាប់ ហើយរត់ទៅពួនលាក់ខ្លួននៅខេត្តព្រះសីហនុ ៕(ដោយ BBN04)

Leave a Reply

Your email address will not be published. Required fields are marked *