ស.រ.អា ៖ មេដឹកនាំនៃប្រទេសទាំងពីរបាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានងាកចេញពីការគំរាមដំឡើងពន្ធដ៏ច្រើនលើប្រទេសម៉ិកស៊ិក និងកាណាដា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ប៉ុន្តែពន្ធអាមេរិកលើប្រទេសចិននៅតែត្រូវចូលជាធរមានក្នុងរយៈតែប៉ុន្មានម៉ោងទៀត។
ទាំងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និង ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយថាពួកគាត់បានយល់ព្រមជំរុញកិច្ចខិតខំប្រឹងប្រែងពង្រឹងតាមព្រំដែន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់លោកត្រាំក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។ មេដឹកនាំទាំងពីរបាននិយាយថា នោះនឹងផ្អាកការយកពន្ធ ២៥ ភាគរយដែលនឹងចូលជាធរមាននៅថ្ងៃទី ៤ ខែកុម្ភៈសម្រាប់រយៈពេល ៣០ ថ្ងៃ។

លោកទ្រូដូបាននិយាយថា ប្រទេសកាណាដានឹងដាក់ពង្រាយបច្ចេកវិទ្យាថ្មី និងទាហាននៅតាមព្រំដែនរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់លំហូរអាភៀន។ មិនមានការបញ្ជាក់ភ្លាមៗពីសេតវិមានទេ ប៉ុន្តែលោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា ការហៅទូរសព្ទជាមួយលោក Trudeau គឺ «មានភាពល្អប្រសើរណាស់»។
ប្រទេសម៉ិកស៊ិកបានយល់ព្រមពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយនឹងសមាជិកឆ្មាំជាតិចំនួន ១០.០០០ នាក់ដើម្បីទប់ស្កាត់លំហូរនៃការធ្វើចំណាកស្រុកខុសច្បាប់ និង គ្រឿងញៀន។
ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយនៅលើ X ថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការជួញដូរអាវុធខ្លាំងៗទៅកាន់ប្រទេសម៉ិកស៊ិកផងដែរ។

មេដឹកនាំទាំងពីរបាននិយាយតាមទូរសព្ទកាលពីថ្ងៃទី ៣ ខែកុម្ភៈ គឺតែប៉ុន្មានម៉ោងមុនពេលពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសម៉ិកស៊ិក ចិន និង កាណាដាចូលជាធរមាន។
សេដ្ឋវិទូនិយាយថា ការយកពន្ធដ៏ច្រើននឹងបង្កឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ រួមទាំងការកើនឡើងតម្លៃសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។
លោកត្រាំបាននិយាយនៅលើបណ្តាញសង្គមថា សហរដ្ឋអាមេរិក និងម៉ិកស៊ិកនឹងប្រើប្រាស់ការផ្អាករយៈពេលមួយខែនេះដើម្បីចូលរួមក្នុងការចរចាបន្ថែមទៀត។
លោកបានសរសេរនៅលើ Truth Social ថា «ខ្ញុំទន្ទឹងរង់ចាំការចូលរួមក្នុងការចរចាទាំងនោះជាមួយប្រធានាធិបតីSheinbaum នៅពេលដែលយើងព្យាយាមសម្រេចបាននូវ កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីររបស់យើង» ។
លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «យើងមានពេលមួយខែនេះដើម្បីធ្វើការ និងបញ្ចុះបញ្ចូលគ្នាទៅវិញទៅមកថា នេះគឺជាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខ»៕(ប្រែសម្រួលដោយ លោកសំណាង)
