ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូម្នាក់ឯងលឿនជ្រុលទៅកៀរសួនចែកទ្រូងផ្លូវ បណ្តាលឱ្យដួលរហូតដល់ស្លាប់ កេីតឡេីងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។

ប្រភពបានឱ្យដឹងថា សពនារីខាងលើឈ្មោះ ចា សុខភាព អាយុ៤០ឆ្នាំ មុខរបរសម្អាងការ ស្នាក់នៅភូមិកណ្ដាលសង្កាត់រលួស ខណ្ឌដង្កោ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR 5237។

ប្រភពព័ត៌មានបន្តថា ដំបូងគេបានឃើញស្ត្រីរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ,លុះមកដល់ចំណុចខាងលើក៏បានជ្រុលទៅកៀរខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលទាំងម៉ូតូនិងមនុស្សអូសជាច្រើនម៉ែត្រ ហើយជនរងគ្រោះដួលបែកក្បាលស្លាប់តែម្តង។
តាមប្រភពពីសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះបានចេញពីម្តុំព្រែកជ្រៃ កន្លែងការងារត្រឡប់ទៅផ្ទះដូចរាលដង, លុះនៅនៅវេលាកើតហេតុ ក៏មានសមត្ថកិច្ចទូរសព្ទមកប្រាប់ថា «គាត់ជួបហេតុការណ៍នេះតែម្តង»។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានប្រគល់ឱ្យសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី។ចំណែកកម៉ូតូសមត្ថកិច្ចយកទៅទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕(ដោយ គា សំណាង)
