ត្រាំថា «ផលប៉ះពាល់ពីពន្ធគយ នឹងមានផ្តល់ផលល្អតបមកវិញ»

ស.រ.អា ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី ២ ខែកុម្ភៈថា ប្រជាជនអាមេរិកអាចមានអារម្មណ៍ថា «រងផលប៉ះពាល់»ខាងសេដ្ឋកិច្ចពីពន្ធគយរបស់គាត់លើដៃគូពាណិជ្ជកម្មសំខាន់ៗ ប៉ុន្តែបានលើកឡើងថា វានឹង «ស័ក្តិសមបែបនេះ» ដើម្បីរក្សាផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី ១ ខែកុម្ភៈ លោកត្រាំទីបំផុតបានចុះហត្ថលេខាលើការដំឡើងពន្ធ ២៥ ភាគរយលើប្រទេសជិតខាងម៉ិកស៊ិក និងកាណាដា ទោះបីជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នាក៏ដោយ ហើយបានដំឡើងពន្ធ ១០ ភាគរយលើចិនបន្ថែមពីលើការយកពន្ធដែលបានអនុម័តរួចកន្លងមក។

ចំណាត់ការនេះបានធ្វើឱ្យមានការប្តេជ្ញាសងសឹកភ្លាមៗ ខណៈអ្នកវិភាគបានព្រមានថា សង្រ្គាមពាណិជ្ជកម្មដែលនឹងកើតឡើងទំនងជានឹងកាត់បន្ថយកំណើនរបស់សហរដ្ឋអាមេរិក និង បង្កើនតម្លៃទំនិញប្រើប្រាស់ក្នុងរយៈពេលខ្លី។

លោកត្រាំបានសរសេរនៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ នៅក្នុងសំណេរនៅលើវេទិកាបណ្តាញសង្គម Truth របស់គាត់យ៉ាងដូច្នេះ «តើ​នឹង​មាន​ផលប៉ះពាល់ទេ? ពិតណាស់ ប្រហែលជាមាន (ហើយប្រហែលជាមិនមានផងទេ!)»។

លោក​បាន​បន្ថែម​ថា​ «ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត ហើយ​វា​នឹង​មាន​ផលល្អតបមកវិញ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *