ស្លាប់​ម្នាក់, របួស២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តយ៉ាងលឿនរេចង្កូតជ្រុលទៅបុករ៉ឺម៉កពីក្រោយដែលកំពុងបណ្តើរតាមដងផ្លូវបណ្តាលឱ្យបុរសម្នាក់ស្លាប់ ចំណែកស្រ្តីនិងបុរសម្នាក់ទៀតរួមដំណើរជាមួយរងរបួសស្រាលកើតឡើងនាវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ។

ប្រភពបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបេ ជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពង់ធំ។

ប្រភពបន្តថា ដំបូងគេឃើញជនរងគ្រោះមានគ្នា៣នាក់ ក្នុងនោះមានស្រ្តីម្នាក់ពួកគេទើបតែចេញពីធ្វើការរួចអូសរ៉ឺម៉កធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ,ខណៈម៉ូតូសណ្តោងរ៉ឺម៉កខូចធាក់អត់ឆេះក៏នាំគ្នាអូសពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាកស្តារិច ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកជាំ។

លុះពេលបើកមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹងបណ្ដាលឱ្យប៉ើងបុរសរងគ្រោះបោកក្បាលនៅលើផ្លូវស្លាប់ភ្លាមៗ, ចំណែកបុរសនិងស្ត្រីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាល ។ 

ភ្លាមនោះដែររថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេបន្តល្បឿនបើករត់រហូតមកដល់ចំណុចក្បែរបុរីប៉េងហួតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋតាមប្រដេញពីក្រោយឃាត់បានប្រគល់ឱ្យទៅសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលសង្កាត់ជើងឯកសួរនាំបន្ត។

បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកអ្នកបើរថយន្តមានជាតិអាកុលកម្រិត0.67mg/l ៕(ដោយ​ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *