បុរសជនជាតិឥណ្ឌូនេស៊ី លោតពីលើដំបូលអគារក្រុមហ៊ុនកាស៊ីណូក្រោន

បន្ទាយមានជ័យ ៖ មានករណីបុរសជនជាតិឥណ្ឌូនេស៊ី លោតពីលើដំបូលអគារក្រុមហ៊ុនកាស៊ីណូក្រោន កម្ពស់ជាង៩ម៉ែត្រស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោងប្រហែល២និង១០នាទីរសៀល ថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ហើយការសន្និដ្ឋានអំពីការលោតសម្លាប់មានការនិយាយខុសៗគ្នា ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ HATONO ភេទប្រុស កើតឆ្នាំ១៩៨៨ ជនជាតិឥណ្ឌូនេស៊ី មានមុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោន ស្នាក់នៅក្នុងអគារក្រុមហ៊ុនកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២និង១០នាទីរសៀល ឈ្មោះ HATONO បានចេញពីបន្ទប់ធ្វើការនៅជាន់ទី៣ ហើយដើរតាមដំបូលស័ង្កសី មកខាងត្បូង, លុះមកដល់ចំណុចមុខច្រកទ្វារចូលអគារក្រុមហ៊ុនកាស៊ីណូ ក៏លោតចុះមកក្រោម ផ្កាប់មុខលើការ៉ូឡាបណ្តាលឱ្យរងធ្ងន់ធ្ងរ ហើយត្រូវបានសន្តិសុខក្រុមហ៊ុនកាស៊ីណូក្រោន លើកដាក់លើរថយន្តដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត, ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានជួយពិនិត្យហើយប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ 

យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានបឋមថា «ឈ្មោះ HATONO  មុនពេលធ្វើអត្តឃាតត្រូវបានទទួលរងនូវស្លាកស្នាមធ្វើទារុណកម្មរបួស ផ្នែកដងខ្លួននិងអវយវៈ រួចហើយក៏បានលោតពីលើដំបូលអគារកាសុីណូក្រោន រងរបួសផ្នែកក្បាលធ្ងន់ធ្ងរបណ្តាលឱ្យស្លាប់តែម្តង»៕(ដោយ BBN)

Leave a Reply

Your email address will not be published. Required fields are marked *