ភ្នំពេញ ៖ មានករណីបុរសម្នាក់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯងបណ្ដាលឱ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចទំនាក់រថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតកាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក(ដំបូលបី)ឬស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សមត្ថកិច្ចនិយាយថា បុរសដែលដុតសម្លាប់ខ្លួនឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះមានទីលំនៅបច្ចុប្បន្នផ្លូវលេខ១៦១ ភូមិ០៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ដំបូងមានប្រជាពលរដ្ឋដើរហាត់ប្រាណក៏ប្រទះឃើញបុរសម្នាក់ធ្វើសកម្មភាពដុតខ្លួនឯង ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយសង្រ្គោះនិងបានទំនាក់ទំនងសមត្ថកិច្ចហៅរថយន្តពេទ្យដើម្បីសង្រ្គោះ។

យោងតាមការបំភ្លឺរបស់ឈ្មោះ កែវ ស្រីតូច ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាបងស្រីបុរសនោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា«ប្អូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្ត និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបានចេញបាត់ពីផ្ទះ០២ថ្ងៃកន្លងមកហើយ»។

បច្ចុប្បន្នបុរសនោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។បើតាមការបញ្ជាក់ពីគ្រូពេទ្យឱ្យដឹងថា«បុរសខាងលើក៏ធ្លាប់ធ្វើសកម្មភាពដុតខ្លួនឯង ម្តងរួចមកហើយ នៅម្តុំវិមានឯករាជ្យ»៕(ដោយ BBN04)
