ថៃ ៖ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បាននិយាយថា លោកស្រីមានក្តីសោមនស្សរីករាយកាលពីថ្ងៃទី ៣០ ខែមករា ចំពោះការដោះលែងចំណាប់ខ្មាំងថៃ ៥ នាក់ ដែលឃុំខ្លួននៅហ្គាហ្សាអស់រយៈពេលជាងមួយឆ្នាំ។

ជនជាតិថៃត្រូវបានចាប់ពង្រត់នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ហើយត្រូវបានដោះលែងជាផ្នែកនៃការដោះដូរចំណាប់ខ្មាំង-អ្នកទោសក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ចេញឈ្មោះកម្មករកសិដ្ឋានទាំងប្រាំនាក់ដែលត្រូវបានដោះលែងនោះ មានឈ្មោះថា Watchara Sriaoun, Pongsak Tanna, Sathian Suwannakham, Surasak Lamnau និង Bannawat Saethao។

លោកស្រី Paetongtarn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសថា «រីករាយក្នុងការទទួលបានការបញ្ជាក់ពីឯកអគ្គរដ្ឋទូតថៃរបស់យើងប្រចាំប្រទេសអ៊ីស្រាអែល ដែលបានជូនដំណឹងមកខ្ញុំតាមទូរសព្ទថាជនជាតិថៃរបស់យើងចំនួន ៥ នាក់ពិតជាត្រូវបានដោះលែងនៅថ្ងៃនេះពីហ្គាហ្សា។ រដ្ឋាភិបាលថៃរួមទាំងអ្នកគ្រប់គ្នានៅទីនេះក្នុងប្រទេសថៃ បានរង់ចាំជាយូរមកហើយសម្រាប់គ្រាមួយនេះ»។

លោកស្រីបាននិយាយថា ព្រះរាជាណាចក្រថៃ «សូមកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការងារដែលធ្វើឡើងដោយប្រទេសកាតា អេហ្ស៊ីប អ៊ីរ៉ង់ តួកគី និងសហរដ្ឋអាមេរិក ដើម្បីធានាការដោះលែងចំណាប់ខ្មាំង និង បានថ្លែងអំណរគុណដល់អ៊ីស្រាអែល ដែលបានថែរក្សាពួកគេ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសថៃបាននិយាយថា «អ្នកទាំងប្រាំនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល»៕(ប្រែសម្រួលដោយ លោកសំណាង)
