ចាប់ជម្រិតស្ត្រីជនជាតិវៀតណាមដាក់ក្នុងវ៉ាលី នៅសង្កាត់ទឹកថ្លា នគរបាលចាប់ឧក្រិដ្ឋជន២នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីចាប់នារីជនជាតិវៀតណាម ញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារនួ ឌី ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបានឧក្រិដ្ឋជន២នាក់ និងរំដោះបានជនរងគ្រោះម្នាក់។

នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ត្រូវបានពួកឧក្រិដ្ឋជនដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុមជាជនជាតិចិន។ ចំណែកជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិននិងទី២-ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិន ឃាត់ត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួសខណ្ឌដង្កោ ។

នគរបាលឱ្យដឹងទៀតថា ប្រតិបត្តិការស្រាវជ្រាវខាងលើនេះបានធ្វើឡើង ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៥ ដែលកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

ក្រោយការឃាត់ខ្លួនសួរនាំជនសង្ស័យខាងលើបានសារភាពថា «ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នាចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណី មកហើយ»។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕(BBN 09)

Leave a Reply

Your email address will not be published. Required fields are marked *