ថៃ ៖ ការខូចខាតផ្នែកសេដ្ឋកិច្ចពីការបាត់បង់ឱកាសដែលបណ្តាលមកពីការបំពុលខ្យល់ ដែលលើសពីមធ្យម ១០០µg/m³ នៅលើសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុង និង ជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៣ ពាន់លានបាត (៨៩,៤ លានដុល្លារអាមេរិក) ។ នេះបើយោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ (KRC)។
ដូចដែលបានរាយការណ៍ដោយសេវាព័ត៌មានភាសាអង់គ្លេសក្នុងស្រុក Thai PBS World មជ្ឈមណ្ឌលបាននិយាយថា PM2.5 ច្រើនពេកនៅក្នុងបរិយាកាសនាំឱ្យមានការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និង ការថែទាំគាំពារសុខភាព ដូចជាម៉ាស់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ ជាដើម។ ទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ ក៏ប៉ុន្តែវាអាចនាំឱ្យបាត់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់លុយទាំងនេះសម្រាប់គោលបំណងផ្សេងទៀត។

ការប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចគឺផ្អែកលើការសន្មត់ថា ប្រជាជនប្រហែល ២,៤ លាននាក់នៅក្នុងទីក្រុងបាងកកកំពុងទទួលរងនូវអាឡែកស៊ី និងជំងឺផ្លូវដង្ហើម ដោយប្រហែលពាក់កណ្តាលនៃពួកគេត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ នេះត្រូវចំណាយលើថ្លៃព្យាបាល និងការធ្វើដំណើរដែលជាមធ្យមមួយចំនួនប្រហែល ១.៨០០-២.០០០ បាតក្នុងមួយជើង។
យោងតាមមជ្ឈមណ្ឌល រួមទាំងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជាការផ្អាកថ្នាក់រៀន ផលប៉ះពាល់លើវិស័យទេសចរណ៍ និងការធ្វើការពីផ្ទះ ការខូចខាតសេដ្ឋកិច្ចអាចខ្ពស់ជាងនេះច្រើន៕(ប្រែសម្រួលដោយ លោកសំណាង)
