ចៅក្រមអាមេរិក រារាំងត្រាំមិនឱ្យបង្កកជំនួយសហព័ន្ធ

ស.រ.អា. ៖ ចៅក្រមអាមេរិកមួយរូបកាលពីថ្ងៃអង្គារ ទី ២៨ មករា ឆ្នាំ២០២៥បានរារាំងជាបណ្តោះអាសន្ននូវផ្នែកមួយក្រឹត្យជាច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកការផ្តល់ប្រាក់កម្ចី ជំនួយ និង ជំនួយហិរញ្ញវត្ថុផ្សេងទៀតរបស់សហព័ន្ធ ដោយផ្តល់ជ័យជម្នះដល់ក្រុមតស៊ូមតិដែលនិយាយថា វានឹងរំខានដល់កម្មវិធីដែលបម្រើប្រជាជនអាមេរិករាប់សិបលាននាក់។

ចៅក្រមអាមេរិក Loren AliKhan បានបញ្ជាឱ្យរដ្ឋបាលត្រាំកុំរាំងខ្ទប់ការផ្តល់មូលនិធិសម្រាប់កម្មវិធីដែលកំពុងដំណើរការរហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ នៅក្នុងសវនាការនៅតុលាការក្រុងវ៉ាស៊ីនតោន។

ក្រុម ដែលតំណាងឱ្យអង្គការមិនរកប្រាក់ចំណេញ មន្ត្រីសុខាភិបាលសាធារណៈ និងអាជីវកម្មខ្នាតតូចនេះ គឺជាអ្នកធ្វើពាក្យបណ្ដឹងនេះ ដោយនិយាយថាគោលនយោបាយរបស់ត្រាំនឹងបង្កការបំផ្លិចបំផ្លាញ។

ក្រឹត្យជាច្រើនរបស់ត្រាំគឺជាជំហានចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់គាត់ក្នុងការគ្រប់គ្រងរដ្ឋាភិបាលសហព័ន្ធ ដែលគេឃើញរួចហើយថា ប្រធានាធិបតីថ្មីបានបញ្ឈប់ជំនួយបរទេស បង្កកការជួលបុគ្គលិកថ្មី និងបិទកម្មវិធីចម្រុះនៅទូទាំងបណ្តាទីភ្នាក់ងាររាប់សិប។

ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យបានចាត់ទុកការបង្កកមូលនិធិនេះថាជាការរំលោភបំពានខុសច្បាប់លើសិទ្ធិអំណាចរបស់សភាលើការចំណាយរបស់សហព័ន្ធ ហើយបាននិយាយថាវារំខានដល់ការបើកប្រាក់ខែដល់វេជ្ជបណ្ឌិតនិងគ្រូមត្តេយ្យសិក្សា។ សមាជិកគណបក្ស​សាធារណរដ្ឋ​ភាគច្រើន​បាន​ការពារ​ក្រឹត្យនេះ​ថា​ជាការ​បំពេញ​តាម​ការសន្យា​យុទ្ធនាការ​របស់​លោកត្រាំក្នុងការ​គ្រប់គ្រង​ថវិកា​ដែល​ហើមប៉ោង។

រដ្ឋបាលត្រាំបាននិយាយថា កម្មវិធីផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ជនជាតិអាមេរិកនឹងមិនរងផលប៉ះពាល់ទេ។ ប៉ុន្តែសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ លោក Ron Wyden បាននិយាយថា ការិយាល័យរបស់លោកបានបញ្ជាក់ថា វេជ្ជបណ្ឌិតនៅក្នុងរដ្ឋទាំង ៥០ មិនអាចធានាបាននូវការបើកប្រាក់ខែពីកម្មវិធី Medicaid ដែលផ្តល់ការធានារ៉ាប់រងសុខភាពដល់ប្រជាជនអាមេរិកដែលមានចំណូលទាប ចំនួន ៧០ លាននាក់នោះទេ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅលើ X ថា«រដ្ឋាភិបាលសហព័ន្ធបានដឹងពីការគាំងវេបសាយ Medicaid ហើយមិនមានប៉ះពាល់ដល់ការបើកប្រាក់ខែនោះទេ»។ លោកស្រីបាន​និយាយ​ថា «វេបសាយនឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *