ជនជាតិកូរ៉េខាងត្បូង ២ នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសថៃពីបទបើកទីតាំងលេងល្បែងតាមអនឡាញ

ថៃ​ ៖​ អាជ្ញាធរ​ថៃ​បាន​និយាយ​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ដោយ​សង្ស័យ​ថា​បាន​បើក​ទីតាំងលេងល្បែង​តាម​អនឡាញខុសច្បាប់​។

ការចាប់ខ្លួននេះបានធ្វើឡើងនៅគេហដ្ឋានមួយក្នុងស្រុក Muang ខេត្ត Udon Thani បន្ទាប់ពីមានការផ្សព្វផ្សាយអំពីសកម្មភាពខុសច្បាប់នៅទីតាំងនេះ ។ នេះបើយោងតាមប្រធានការិយាល័យអន្តោប្រវេសន៍លោក Panumart Boonyalak ដែលត្រូវបានដកស្រង់ដោយកាសែតបាងកកប៉ុស្តិ៍។ 

ប៉ូលិស​ថៃ​បាន​ប្រតិបត្តិ​ការ​ឆែកឆេរ​ទ្រព្យសម្បត្តិ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ពួកគេ​បាន​រឹបអូស​កុំព្យូទ័រ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ល្បែងស៊ីសង​។

វេបសាយ Thai News បានរាយការណ៍ថា អាជ្ញាធរបានចោទប្រកាន់ថា ជនសង្ស័យបានបើកវេបសាយដូចជាVinus Gaming Services និង 100d-1 ដែលជាវេទិកាលេងល្បែងអនឡាញរបស់កូរ៉េខាងត្បូងដែលដំណើរការជាអន្តរជាតិ។ វេបសាយទាំងនេះត្រូវបានរាយការណ៍ថាបង្កើតប្រាក់ប្រហែល ៤ ពាន់លានវ៉ុន (២,៧៩ លានដុល្លារអាមេរិក) ជារៀងរាល់ខែ។

ជនសង្ស័យបានអះអាងថា ពួកគេបានធ្វើការជាបុគ្គលិកផ្នែកព័ត៌មានវិទ្យាសម្រាប់កន្លែងលេងល្បែងស៊ីសង ដោយជួយអ្នកលេងល្បែងនៅក្នុងប្រទេសកូរ៉េខាងត្បូង ថៃ និងបណ្តាប្រទេសផ្សេងទៀតដែលមានប្រតិបត្តិការហិរញ្ញវត្ថុ។

មេបញ្ជាការស្តីទីលោក Warissiri Leelasiri នៃកងពលធំអន្តោប្រវេសន៍ទី ៤ បាននិយាយថា «បុគ្គលទាំងនោះបានចូលប្រទេសថៃក្នុងនាមជាអ្នកទេសចរ»។

មន្ត្រី​បាន​និយាយ​ថា ជន​សង្ស័យ​ឥឡូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ការ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ក្នុងនាមជាជនបរទេស៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *