ក្មេងទំនើង២ក្រុមបើកឆាកវាយកាប់គ្នា សមត្ថកិច្ចចុះឃាត់បាន៥នាក់

ភ្នំពេញ​៖ ក្មេងទំនើង២ក្រុមបានឌឺដងដាក់គ្នា រហូតបង្កជាហិង្សាវាយតប់គ្នា និងបន្តយកកាំបិតកាប់គ្នាឱ្យរងរបួស ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បាន៥នាក់ នៅ​វេលា​ម៉ោង​១០:៣០នាទី​យប់​ថ្ងៃ​ទី​២១ខែ​មករា​ឆ្នាំ​២០២៥ ស្ថិត​នៅ​​ចំណុច​ភូមិ​អង្គ​ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងក្រុម​ក្មេង​ទំនើង​ ខាង​លើ​បាន​ឌឺ​ដង​ដាក់​គ្នា​ម្ដងរួច​​មក​ហើយតែ​មិន​បាន​ធ្វើ​អ្វី​ដាក់​​គ្នានោះទេ ។ ​ ​លុះ​បន្ទាប់​មក​ស្រាប់​តែ​ភាគីម្ខាង បានដើរកាត់មុខភាគីម្ខាងទៀត ក៏​ត្រូវ​បាន​ខាង​ភាគី​ម្ខាង​ទៀត​នាំ​គ្នា​ព្រួត​វា​នឹង​យក​កាំបិត​ប៉័ងតោ​ទៅ​កាប់​បណ្តាលឱ្យរងរបួស។

ប្រភពបានបន្តថា ហេតុការណ៍ប្រយុទ្ធគ្នានេះ បានផ្អើលដល់ប្រជាពលរដ្ឋ ក៏បាន​ទាក់​ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ភ្លាមៗ​ដោយឃាត់​ក្មេងទំនើងបានចំនួន៥នាក់ ដឹកតាមម៉ូតូរ៉ឺម៉កយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​៥នាក់​ខាង​លើ​ត្រូវ​បាន​ នគរបាលប៉ុស្តិ៍ចោមចៅទី៣ កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ផ្នែក​ជំនាញ​នគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់​ការ​បន្ត​តាម​នីតិវិធីច្បាប់៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *