Barron Trump នឹងបើកក្រុមហ៊ុនថ្មី ដើម្បីដើរតាមលំអានឪពុក ខណៈរូបគេក៏ជាអ្នកជួយឪពុកយកឈ្នះចិត្តអ្នកបោះឆ្នោតក្មេងៗដែរ

ស.រ.អា. ៖ Barron Trump អាយុ ១៨ ឆ្នាំនឹងបើកក្រុមហ៊ុនអចលនទ្រព្យប្រណីតផ្ទាល់ខ្លួនជាមួយនឹងដៃគូអាជីវកម្មវ័យក្មេងស្រដៀងគ្នាពីរនាក់ទៀត។

កូនពៅរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបតែបញ្ចប់ឆមាសទី១ នៅសាកលវិទ្យាល័យញូវយ៉ក ក្នុងរដូវរងានេះកំពុងដើរតាមលំអានជំនួញរបស់ឪពុកគាត់។

កាសែត Newsweek ជាអ្នករាយការណ៍ដំបូងគេពីក្រុមហ៊ុនសាជីវកម្ម Trump, Fulcher & Roxburgh Capital Inc. នៅរដ្ឋ Wyoming កាលពីខែកក្កដាឆ្នាំមុន។

ក្រុមហ៊ុននេះត្រូវបានរំលាយ បន្ទាប់ពីរយៈពេល ៤ ខែ ក្រោយការឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ របស់លោកត្រាំ។

លោក Cameron Roxburgh ដែលជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុនសាជីវកម្មនេះ បាននិយាយថា ការផ្អាកនេះគឺដើម្បីបញ្ចៀសការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការបោះឆ្នោត ខណៈដែលពួកគេចាប់ផ្តើមការបណ្តាក់ទុនរួមគ្នា។

Barron បានចូលរួមជាមួយក្រុមគ្រួសារទាំងមូល ក្នុងពិធីសម្ពោធកាន់តំណែងលើកទីពីររបស់ប្រធានាធិបតីត្រាំនៅវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃចន្ទ និងសកម្មភាពទាំងអស់ រួមទាំងក្បួនដង្ហែនានា។

ជាកូនតែមួយគត់របស់ត្រាំ និងលោកស្រី មេឡានៀ ត្រាំ (Melania Trump)  Barron នឹងមិនរស់នៅពេញម៉ោងនៅសេតវិមានដូចដែលរូបគេធ្លាប់បានធ្វើនៅក្នុងអាណត្តិដំបូងនោះទេ។ ផ្ទុយទៅវិញ រូបគេរំពឹងបន្តស្នាក់នៅទីក្រុងញូវយ៉ក ដើម្បីចូលរៀននៅសាលាជំនាញធុរកិច្ចរបស់ NYU ។

ការផ្តោតសំខាន់របស់ក្រុមហ៊ុនអចលនទ្រព្យខាងលើនឹងនៅតែផ្តោតលើអចលនទ្រព្យលំដាប់ខ្ពស់ និងគម្រោងទីលានវាយកូនហ្គោលនៅភាគខាងលិចនៃរដ្ឋ Utah, Arizona និង Idaho។

កាសែត New York Post បានទទួលកំណត់ត្រាជាច្រើន ដោយកត់សម្គាល់ថា ក្រុមហ៊ុន Trump, Fulcher & Roxburgh Capital Inc. បានចុះបញ្ជីលំនៅដ្ឋាន Mar-a-Lago របស់លោកដូណាល់ ត្រាំ នៅ West Palm Beach ជាអាសយដ្ឋានចម្បងរបស់ខ្លួន។

ពួកគេគ្រោងនឹងបើកដំណើរការក្រុមហ៊ុននេះឡើងវិញនៅនិទាឃរដូវនេះ ។ នេះបើយោងទៅតាម Roxburgh ដែលជាមិត្តរួមថ្នាក់វិទ្យាល័យរបស់ Barron ដែលបានអះអាងថាពួកគេនៅ «កំពុងធ្វើការលើផ្នែកភស្តុភារ»។

រួមជាមួយនឹង Roxburgh ដៃគូអាជីវកម្មទីបី គឺ Carter Fulcher ដែលគ្រួសាររបស់គេគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យដ៏លេចធ្លោមួយនៅរដ្ឋ Idaho ។

បងប្អូនជីដូនមួយរបស់ Fulcher គឺជាអ្នកតំណាងរាស្រ្តបក្សសាធារណរដ្ឋនៃរដ្ឋ Idaho លោក Russ Fulcher ។

ការបណ្តាក់ទុននេះអាចឃើញ Barron កើនឡើងដល់កម្រិតនៃបងប្អូនរបស់គាត់ គឺ Don Jr. អាយុ ៤៧ឆ្នាំ និង Eric អាយុ ៤១ ឆ្នាំ ដែលបានគ្រប់គ្រងក្រុមហ៊ុន Trump Organization ចាប់តាំងពីឪពុករបស់ពួកគេបានចូលកាន់តំណែងជាលើកដំបូងនៅអាណត្តិដំបូង។

ក្រុមហ៊ុន Trump, Fulcher & Roxburgh Capital Inc. គឺឯករាជ្យពីអាជីវកម្មផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ហើយមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុន Trump Organization។

ប៉ុន្តែ Roxburgh បានរៀបរាប់លម្អិតថា Barron បានទទួល «ដំបូន្មានឯកជន»មួយចំនួនទាក់ទងនឹងការចាប់ផ្តើម និងដំណើរការអាជីវកម្មជោគជ័យពីឪពុករបស់គាត់។

Barron គឺជាតួអង្គសំខាន់ក្នុងយុទ្ធនាការឆ្នាំ ២០២៤ របស់ត្រាំ ដែលគាត់បានណែនាំឪពុករបស់គាត់អំពីរបៀបយកឈ្នះចិត្តអ្នកបោះឆ្នោតវ័យក្មេង។ នេះរួមបញ្ចូលទាំងការលើកទឹកចិត្តគាត់ឱ្យបង្ហាញខ្លួននៅក្នុងកម្មវិធីផតខាស់ដ៏ពេញនិយមដូចជាបទសម្ភាសន៍រយៈពេលបីម៉ោងនៅលើ The Joe Rogan Experience ជាដើម៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *